ដោយៈ តែម សុខុម
ប៉េកាំង: ទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ហាក់មានភាពប្រសើរឡើងក្នុងខែសីហា ដោយស្ថានភាពសេដ្ឋកិច្ចចាប់ផ្ដើមមានលំនឹងហើយ។
ទោះជាយ៉ាងណា ដំណឹងអាក្រក់បន្ថែមទៀត អំពីវិស័យអចលនទ្រព្យរបស់ប្រទេស ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនេះ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ដែលនៅតែមានក្នុងពេលខាងមុខ។
-->
យោងតាមការិយាល័យជាតិស្ថិតិជាតិ (NBS) នៃប្រទេសចិន បង្ហាញថា ផលិតកម្មឧស្សាហកម្ម ដែលវាស់វែងទិន្នផលពីវិស័យនានាដូចជាផលិតកម្ម និងការជីកយករ៉ែជាដើម បានកើនឡើង៤,៥%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន ដោយកើនឡើងពីកំណើន៣,៧%ក្នុងខែកក្កដា។ 
ការលក់រាយដែលវាស់វែង ការប្រើប្រាស់បានកើនឡើង៤,៦%ពីឆ្នាំមុន បើធៀបនឹងកំណើន២,៥%ក្នុងខែកក្កដា។ទោះជាយ៉ាងណា មានភ័ស្ដុតាងបន្ថែមទៀតបង្ហាញថា វិបត្តិដែលបានអូសបន្លាយពេល២ឆ្នាំ ក្នុងវិស័យអចលនរបស់ប្រទេសចិន នឹងបន្តអូសបន្លាយពេលវែងតទៅទៀត។
ក្រុមហ៊ុន Sino-Ocean ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ ដែលគាំទ្រដោយរដ្ឋបានអះអាងថា ខ្លួននឹងផ្អាកការទូទាត់បំណុលនៅបរទេសរបស់ខ្លួន ហើយនេះជាសញ្ញាបង្ហាញថា វិបត្តិអចលនទ្រព្យ អាចនឹងបន្តរារាំងកំណើនសេដ្ឋកិច្ច។
ទិន្នន័យពីការិយាល័យជាតិស្ថិតិជាតិ (NBS)បានបង្ហាញថា ការវិនិយោគលើទ្រព្យសកម្មថេរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផងបានកើនឡើង៣,២% ក្នុងរយៈពេល៨ខែដើមឆ្នាំនេះពីមួយឆ្នាំមុន បើធៀបនឹងកំណើន៣,៤% ក្នុងពេល៧ខែដើមឆ្នាំ២០២៣។ ការលក់អចលនទ្រព្យ គិតជាផ្ទៃក្រឡាបានធ្លាក់ចុះ៧,១%។
ក្រុមហ៊ុនវាយតម្លៃហានិភ័យអាមេរិកMoody’s បានបន្ទាបទស្សនវិស័យរបស់ខ្លួន សម្រាប់វិស័យអចលនទ្រព្យ ទាំងមូលរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយលើកឡើងពីការធ្លាក់ចុះការលក់លំនៅឋាន និងការព្រួយបារម្ភអំពីសុខភាព នៃឧស្សាហកម្មនេះ៕ CNN៕