ក្រុមហ៊ុនចិនChina General Nuclear គ្រោងអភិវឌ្ឍន៍មូលដ្ឋានថាមពលកកើតឡើងវិញនៅប្រទេសឡាវ

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ក្រុម​ហ៊ុនChina General Nuclear Power Group (CGN) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ជាមួយ​រដ្ឋាភិបាល​ឡាវ ដើម្បី​អភិវឌ្ឍន៍ ​មូលដ្ឋាន​ថាមពល​កកើត​ឡើង​វិញ ​នៅ​ភាគ​ខាងជើង​ប្រទេសនេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ​ដែល​ចេញ​ផ្សាយ​ដោយក្រុមហ៊ុនខាងលើកាល​ពី​ថ្ងៃ​អាទិត្យ។

មូលដ្ឋាននេះ នឹងរួមបញ្ចូលសមត្ថភាពផ្ទុក ថាមពលខ្យល់ ថាម​ពលព្រះអាទិត្យ ថាមពលវារីអគ្គិសនី ហើយនឹងបញ្ចូលទៅក្នុងខ្សែបណ្តាញថាមពលដែលមានស្រាប់ ដើម្បីផ្ទេរថាមពលដែលផលិតនៅក្នុងប្រទេសឡាវ ទៅកាន់ខេត្តយូណាននៃប្រទេសចិន។

កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានចុះហត្ថលេខានៅឯពិព័រណ៍ចិន-អាស៊ានដែលប្រារព្ធឡើង នៅទីក្រុងណាននីង ក្នុងខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន។កិច្ចព្រមព្រៀងនេះ នឹងជំរុញអនុស្សរណៈនៃការយោគយល់គ្នាស្តីពីមូលដ្ឋានថាមពលកកើតឡើងវិញ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន CGN និងរដ្ឋាភិបាលឡាវកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។

ការនាំចេញថាមពលទៅកាន់ប្រទេសចិន បានបង្កើតជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសឡាវ ដោយក្រុមហ៊ុនចិន China Southern Power Grid Co បានកាន់កាប់ភាគហ៊ុនភាគច្រើន នៅក្នុងបណ្តាញថាមពលជាតិឡាវ ក្នុងឆ្នាំ២០២០ ដើម្បីជួយអភិវឌ្ឍវិស័យនេះ។

ប្រទេសឡាវ ដែលជាសមាជិកមួយនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដ៏មហិច្ឆតារបស់ប្រទេសចិន បានទទួលនូវគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីប្រទេសចិន ដូចជា ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីង របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here