(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សិក្សាលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសិក្សាបញ្ចុះលទ្ធភាពនេះ អាចអនុវត្តសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣នេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រ សហគ្រាសនេះ ដើម្បីឲ្យរោងចក្រ សហគ្រាស អាចពង្រីកច្រវាក់ផលិតកម្ម ហើយប្រសិនបើរោងចក្រ សហគ្រាសពង្រីកច្រវាក់ផលិតកម្មហើយនោះ ច្បាស់ណាស់កម្មករ កម្មការិនី នឹងមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត។ ដោយម្ខាងអាចធ្វើការថែមម៉ោង ឬម្យ៉ាងទៀត និយោជកអាចនឹងជ្រើសរើសកម្មករ កម្មការិនីថ្មីបន្ថែមទៀតផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចមិញខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាពអាចសាកល្បងក្នុងរយៈពេល៣ខែនេះ ជាពិសេសចុងឆ្នាំនេះ យើងអាចពិនិត្យមើលក្នុងការអនុគ្រោះថ្លៃអគ្គិសនីក្នុងកម្រិតណាមួយ បើមិនបានគ្រប់សហគ្រាសទាំងអស់ទេ ក៏បានខ្លះ ពិសេសសហគ្រាសក្នុងឧស្សាហកម្ម កសិកម្ម ដែលផលិតច្រើន ព្រោះគាត់ត្រូវការប្រើច្រើន ដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកថែមទៀត។ ពង្រីកច្រើន នាំចេញច្រើន ការងារថែមទៀតហើយ បើមិនថែមម៉ោងអ្នកធ្វើការស្រាប់ ក៏រកបុគ្គលិកបន្ថែមដែរ»។








