ក្រសួងកសិកម្មស្នើឲ្យចិនសហការផ្នែកបច្ចេកទេសដើម្បីជម្រុញការនាំចេញផលិតផលអាទិភាព​ចំនួន​៣

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានស្នើ​រដ្ឋមន្ត្រី​ក​សិ​កម្ម​ចិន​ជួយ​សហការ​ផ្នែក​បច្ចេក​ទេស ដើម្បី​ជំរុញ​មុខទំនិញ​អា​ទិ​ភាព​ចំនួន​៣​មុខ ដូចជា អង្ករ ស្វាយចន្ទី និង​ត្រី​ចិញ្ចឹម នៅក្នុង​ច្រករបៀង​អង្ករ និង​មច្ឆា សម្រាប់​នាំចេញ​មកកាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ​ដទៃទៀត​។​

លោក​ឌិ​ត ទីណា បានស្នើ​បែបនេះ នៅ​អំឡុងពេល​លោក​ជួបពិភាក្សា​ការងារ​ទ្វេភាគី ​ជា​​មួយ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា ឆ្នាំ ​២០២៣ នៅ​ទីក្រុង​ណាន​នី​ង​ស្តីពី ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំង២​។

យោងតាម​ការប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា បានឱ្យដឹងថា ក្នុងជំនួប​នោះ លោកឌិ​ត ទីណា បាន​លើក​ពី​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​សម្រេចបាន​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម ​នៃ​ប្រទេស​ទាំង២ រួម​មាន​ ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ដ​, មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​ ​មជ្ឈមណ្ឌល​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​ការកសាង​សមត្ថភាព​បច្ចេក​​ទេស​ដល់​មន្ត្រី​កសិកម្ម​។​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា​ ក៏បាន​បញ្ជាក់​ពី​យន្តការ​សម្រាប់​ជំរុញ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​បានជា​ផលប្រយោជន៍​ ដល់​ភាគី​ទាំងសងខាង​នៅ​ច្រករបៀង មច្ឆា និង​អង្ករ ដែល​ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ២០២៣ ដោយ​ត្រូវ​រៀបចំ​គណៈកម្មការ​តម្រង់​ទិស ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទាំង​២ និង​ក្រុម​ការងារ​បច្ចេកទេស​រួម សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​ឱ្យ​ត្រូវ​តាម​គោលនយោបាយ ​ដែល​បាន​កំណត់ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​។

លោក​ក៏បាន​លើកទឹកចិត្ត ​ដល់​អ្នក​វិនិយោគិន​ចិន ​ដែលមាន​ជំនាញ ​និង​បច្ចេកទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ការកែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម ​ដែលមាន​ស្រាប់​ឱ្យទៅជា​ផលិតផល​ ដែលមាន​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ និង​មានឈ្មោះ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។

លោកឌិត ទីណាបានបញ្ជាក់​ថា​ “​ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ (Foreign Economic Cooperation Center)​ នៃ​ក្រសួងកសិកម្ម​ និង​កិច្ចការ​ជនបទ​ចិន​ដែល​បាន​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កម្ពុជា បានរៀបចំ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ២០២៤-២០២៨”។

នាឱកាស​នោះដែរ លោក Tang Renjian រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏បាន​ថ្លែង​ការកោតសរសើរ​ ចំពោះ​ការសម្រេចបាន​នូវ​ផលិតផល​កសិកម្ម​យ៉ាង​ច្រើន​របស់​កម្ពុជា ដែល​កម្ពុជា​ធានាបាន​ទាំងស្រុង ​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស និង​បានរួម​ចំណែក​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង​សម្រាប់​តំបន់​ផងដែរ​។

លោកTang Renjianបានបញ្ជាក់ថា “​កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាច្រើន​ ដែលមាន​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ ហើយ​ប្រជាជន​ចិន​ក៏​ចូលចិត្ត​ផងដែរ​”។ លោកបន្តថា “យើង​លើកទឹកចិត្ត និង​ជំរុញ​អ្នកវិនិយោគ​ចិន​ មក​វិនិយោគ​នៅ​កម្ពុជា ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​២ ​ឱ្យ​កើនឡើង​មួយកម្រិត​ទៀត​នាពេលខាងមុខ​​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here