ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ក្នុងស្រុក (IDI) សម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយChongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និងAsia Cassava Holding ជាក្រុមហ៊ុនលក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់មួយ ទៅកាន់ប្រទេសចិន។
កិច្ចព្រមព្រៀងនេះសម្រេច បានកាលពីថ្ងៃទី១៧ ខែកញ្ញា ក្នុងពិធីចុះហត្ថលេខាពិព័រណ៍កម្ពុជា -អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន។
-->
លោកបណ្ឌិតហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រជាមួយChongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើ ឈានមុខគេរបស់ប្រទេសចិន និង Asia Cassava Holding ដែលជាក្រុមហ៊ុនលក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់ទៅកាន់ប្រទេសចិន ដែលចាត់ទុកថាជាគម្រោងដ៏ធំចំនួន ២ នៅក្នុងពិធីចុះហត្ថលេខា នៅក្នុងពិព័រណ៍កម្ពុជា-អាស៊ានលើកទី២០។
លោកបានសរសេរថា “យើងស្វាគមន៍ក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ភាគី ដើម្បីជួយវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជាសម្រាប់ការនាំចេញកាន់តែច្រើន”។
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន នាថ្ងៃទី១៧ ខែកញ្ញា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែ១គត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ ហើយកម្ពុជាក៏បានប្តេជ្ញា បន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
សម្តេចបានថ្លែងថា “ក្នុងបរិការណ៍សកលលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០នេះ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំបន់ឱ្យកាន់តែស្អិតល្មួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព”។
សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អាស៊ាននិងចិន មានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ាន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីជាច្រើនទៀត បង្ហាញ ឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។
យោងតាមអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រទេសកម្ពុជាបានធ្វើការនាំចេញកសិផលជាច្រើនប្រភេទ មានតម្លៃជិត១,៣៨៥ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ទៅកាន់ទីផ្សារប្រទេសចំនួន៥៣៕