ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ផ្នែកមួយនៃវិស័យអចលនទ្រព្យបែបបដិសណ្ឋារកិច្ច និងទេសចរណ៍នៅតែមានឱកាសរីកចម្រើន សម្រាប់រយៈពេលវែងនាពេលខាងមុខ។
ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង ក្នុងវេទិកានិយាយពីដំណោះស្រាយ ក្នុងវិស័យអចលនទ្រព្យកាលពីសប្តាហ៍មុនថា នៅជុំវិញរាជធានីភ្នំពេញ ចម្ងាយចន្លោះ៣០ ទៅ៥០គីឡូម៉ែត្រ ជាតំបន់ដែលមានឱកាសវិនិយោគលើរមណីយដ្ឋានកែច្នៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

-->
លោកបន្តថា “បច្ចុប្បន្ន នៅថ្ងៃចុងសប្តាហ៍ មិនទាន់មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអាចទៅទស្សនា និងលំហែរកំសាន្តបានតាមស្តង់ដាអន្តរជាតិនៅឡើយ”។ លោកបន្តថា “ហេតុនេះការវិនិយោគក្នុងវិស័យនេះ នៅតែមានសារៈសំខាន់ និងឆ្លើយតបតម្រូវការនៅឡើយ”។
ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមអាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA)បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យទេសចរណ៍កម្ពុជាពឹងផ្អែកខ្លាំង លើទេសចរណ៍បែបវប្បធ៌ម និងប្រវត្តិសាស្រ្ត ប៉ុន្តែយើងខ្វះការវិនិយោគរមណីយដ្ឋានកែច្នៃ តាមស្តង់ដាអន្តរជាតិនៅឡើយ ដែលបញ្ហានេះ ទាមទារឲ្យមានការវិនិយោគបន្ថែមពីអ្នកវិនិយោគជាតិ អន្តរជាតិ។
លោកបន្តថា “ហេតុនេះការចូលរួមពីវិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា”៕