មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា សេដ្ឋកិច្ចអាមេរិកមិនបានបង្ហាញសញ្ញាណាមួយឆ្ពោះទៅរកការធ្លាក់ចុះនោះទេ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លើកឡើងថា លោកស្រីមិនឃើញមានសញ្ញាណាមួយ ដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងឈានទៅរកការធ្លាក់ចុះនោះទេ។

ទោះបីជាយ៉ាងនេះក្តី លោកស្រីបានព្រមានថា ការបរាជ័យរបស់សភាក្នុងការអនុម័តច្បាប់ ដើម្បីបន្តធ្វើឱ្យរដ្ឋាភិបាល ដំណើរការទៅមុខ អាចបង្កហានិភ័យចំពោះការធ្លាក់ចុះនៃសន្ទុះសេដ្ឋកិច្ច។

លោកស្រី Yellen បានប្រាប់សារពត៌មាន CNBCថា “ខ្ញុំមិនឃើញសញ្ញាណាមួយ ដែលបង្ហាញថាសេដ្ឋកិច្ចមានហានិភ័យ នៃការធ្លាក់ចុះនោះទេ ដោយកត់សម្គាល់ថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏នៅតែរឹងមាំ ហើយអតិផរណាបាននិងកំពុងធ្លាក់ចុះ”។លោកស្រី Yellen បានបន្តថា “វាឆាប់ពេកក្នុងការវាស់ស្ទង់ពីផលប៉ះពាល់នៃកូដកម្ម ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្ត នៅទីក្រុង Detroit Three របស់សហរដ្ឋអាមេរិក  ដោយកត់សម្គាល់ថា វាអាស្រ័​យទៅលើថាតើកូដកម្មនេះ នឹងអូសបន្លាយយូរប៉ុណ្ណា ហើយតើនរ​ណា​ជាអ្នករងផលប៉ះពាល់”។

លោកស្រី Yellen ដែលជាអតីតប្រធានធនាគារកណ្តាលអាមេរិកបានអះអាងថា ចំណាត់ការរបស់ធនាគារកណ្តាល ក្នុងការដំឡើងអត្រាការប្រាក់ បានចាប់ផ្តើមជះផលប៉ះពាល់ ដល់ទីផ្សារលំនៅដ្ឋាន ប៉ុន្តែការចំណាយរបស់អ្នកប្រើប្រាស់នៅតែរឹងមាំ។

លោកស្រីបានបន្ថែមថា រដ្ឋបាលលោកចូ បៃដិន កំពុងតាមដានយ៉ាងដិតដល់លើតម្លៃប្រេងសាំង បន្ទាប់ពីការកើនឡើងនាពេលថ្មីៗនេះ ហើយលោក បៃដិន បានប្តេជ្ញាចិត្ត និងធានាថា ថាមពលនៅតែមានតម្លៃសមរម្យសម្រាប់ប្រជាជនអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here