កម្ពុជា កំពុងរៀបចំឯកសារស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

0

ភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ ពីសន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិលោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។
ជុំវិញបញ្ហានៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

បើតាមសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា “ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក”។
ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយកម្ពុជាថ្មីថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”។

ជាមួយគ្នានេះ លោក គង់ ពុទ្ធិកា ក៏បង្ហាញក្ដីសង្ឈឹមជឿជាក់លើ ក្រុមការងារ ដែលរៀបចំឯកសារចុះបញ្ជីក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ នឹងគិតគូរត្រៀមប្រកួតប្រជែង យកបញ្ហាក្រមាដែលកំពុងកើតឡើងរវាងកម្ពុជា-ថៃនេះ ធ្វើជាបញ្ហាអាទិភាពដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យក្រមារបស់ខ្មែរបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី៕

LEAVE A REPLY

Please enter your comment!
Please enter your name here