ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការខុនដូពីសំណាក់ជនបរទេស ក្នុងទីផ្សារនៅប្រទេសថៃ បានបន្តកើនឡើង ក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ ខណៈអ្នកទិញភាគច្រើនបំផុតជាជនជាតិចិន។
កំណើននៃការផ្ទេរខុនដូ ទៅកាន់ជនបរទេស បានបណ្តាលមកពីការបើកដំណើរការឡើងវិញ យ៉ាងពេញលេញរបស់ប្រទេសថៃ នៅក្នុងឆមាសទីពីរ ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យជនបរទេស ដែលបានទិញខុនដូ Presale អាចវិលត្រលប់មកវិញ និងបញ្ចប់ដំណើរការក្នុងការផ្ទេរកម្មសិទ្ធិ។
-->
យោងតាមទិន្នន័យបានបង្ហាញថា ការផ្ទេរកម្មសិទ្ធិខុនដូរបស់ប្រទេសថៃ ទៅឱ្យជនបរទេសបានកើនឡើង៦៥,៦ភាគរយ ក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការកើនឡើង នៃគម្រោងដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗ។
ខុនដូប្រហែល៧.៣៣៨យូនីត ដែលមានតម្លៃសរុបចំនួន ៣៥,២១ពាន់លានបាត (ជិត១ពាន់លានដុល្លារអាមេរិក) ត្រូវបានផ្ទេរទៅកាន់ជនបរទេស ក្នុងកំឡុងខែមករា រហូតដល់ខែមិថុនា ដែលភាគច្រើនស្ថិតនៅក្នុងខេត្តឈុនបុរី និងរាជធានីបាងកក។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ(REIC)។
ជាក់ស្តែង ចំនួនអ្នកទិញជាជនជាតិចិន នៅតែឈរក្នុងលំដាប់កំពូលទី១ តាមពីក្រោយដោយចំនួនអ្នកទិញ ជាជនជាតិរុស្សី និងជនជាតិអាមេរិក។
ចំណែក ចំនួនអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា ដែលមិនធ្លាប់ស្ថិតក្នុងលំដាប់កំពូលទាំង១០ កាលពីមុនឆ្នាំ២០២២ ប៉ុន្តែពេលនេះ ចំនួនអតិថិជនមកពីមីយ៉ាន់ម៉ា បានស្ថិតនៅលំដាប់ទី៨ បន្ទាប់ពីស្ថិតនៅលំដាប់ទី៦ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ តម្រូវការខុនដូពីជនជាតិថៃក្នុងស្រុក នៅតែមានការធ្លាក់ចុះ។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC)បានមានប្រសាសន៍ថា “ដើម្បីជំរុញសេដ្ឋកិច្ច រដ្ឋាភិបាលថៃ គួរតែលើកកម្ពស់ការទិញខុនដូ ដែលផ្តោតលើជនបរទេស តាមរយៈការបង្កើនកូតាកម្មសិទ្ធិបរទេស នៅក្នុងតំបន់មួយចំនួនដូចជា ប៉ាតាយ៉ា និងភូកេត”៕