ដោយៈ តែម សុខុម
ហុងកុង: Sunac ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយរបស់ប្រទេសចិន បានដាក់ពាក្យសុំការពារការក្ស័យធននៅសហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីបានទទួលការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួន នៅក្នុងការរៀបចំបំណុលជិត១០ពាន់លានដុល្លារឡើងវិញ។
ក្រុមហ៊ុននេះបានដាក់ញត្តិ សុំការពារការក្ស័យធន តាមជំពូកទី១៥ ទៅតុលាការទទួលបន្ទុកដោះស្រាយ សំណុំរឿងក្ស័យធននៅសង្កាត់ Southern District ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា។
នេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ខ្នាតយក្សទី២ហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដែលស្វះស្វែងស្នើសុំការការពារបែបនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande បានស្នើសុំការការពារបែបនេះនៅក្នុងសហរដ្ឋអាមេរិក កាលពីមួយខែមុន បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន៨១ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។






