ធនាគារ ADB រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦ភាគរយសម្រាប់ឆ្នាំ២០២៤ ខណៈបន្ទាបការព្យាករណ៍សម្រាប់ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍអាស៊ី (ADB) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ មកនៅត្រឹម៥,៣ភាគរយ បើធៀបនឹងការព្យាករពីមុន៥,៥ភាគរយ ដោយសារតែកំណើនឧស្សាហកម្មដើរយឺតជាងការរំពឹងទុក។

តួយ៉ាង ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាបានធ្លាក់ចុះ១៨,៦ភាគរយនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះបើធៀបនឹងឆ្នាំមុន។ទោះបីជាយ៉ាងនេះក្តីធនាគារ ADB បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ក្នុងរង្វង់៦ភាគរយដដែល។
ទន្ទឹមគ្នានេះ  របាយការណ៍របស់ធនាគារ ADB ក៏បានរក្សាការព្យាករណ៍អត្រាអតិផរណានៅកម្ពុជាសម្រាប់ឆ្នាំនេះក្នុងកម្រិត៣ភាគរយ និងសម្រាប់ឆ្នាំ២០២៤ក្នុងកម្រិត៤ភាគរយផងដែរ។

លោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទស្សនវិស័យកំណើនកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ គួរតែជំរុញការនាំចេញរបស់កម្ពុជា សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះយ៉ាងណាក្តី”។

លោកស្រីបានបន្ថែមថា “សេវាកម្មគឺជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះបានកើនលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយឆ្នាំ២០២៣នេះ ដែលជំរុញជាចម្បងដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ”៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here