ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ គ្រោងបណ្ដាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។ព័តមាននេះត្រូវបានលើកឡើងដោយលោកជា វុទ្ឋី អគ្គខាធិការ ក្រុមអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៩ កញ្ញាកន្លងមកនេះ។
ក្នុងជំនួបនោះលោកជា វុទ្ឋីបានផ្តល់នូវអនុសាសាន៍គន្លឹះជូនទៅក្រុមហ៊ុនថា ដោយគម្រោងនេះជាគម្រោងធំ ដែលនឹងអាចត្រូវការទំហំដីវិនិយោគចាប់ពី១៥០ហិកតា សម្រាប់ដំណាក់កាលទីមួយ និងកើនឡើងរហូតដល់ជាង៣០០ហិកតា សម្រាប់ការវិនិយោគសរុបនាពេលអនាគត ដូច្នេះក្រុមហ៊ុនគួរពិចារណាទៅលើចំណុចធំៗ ចំនួនបី ទី១) ការរៀបចំការគ្រប់គ្រងកាកសំណល់ នៃការកែច្នៃសារធាតុគីមី, ទី២) ថាមពលអគ្គិសនី និងទី៣) ទីតាំង ដែលអាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ជូន។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនក៍បាន សម្ដែងនូវការអគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលដ៍មមាញឹកទទួលជួបក្រុមហ៊ុន និងបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុន ដើម្បីរៀបចំខ្លួនក្នុងការមកវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ។
ក្រុមហ៊ុនវិនិយោគនេះ ធ្លាប់បានបញ្ចូនមន្ត្រីជំនាញមកព្រះរាជាណាចក្រកម្ពុជាកាល ពីខែមីនា និងខែមិថុនាកន្លងទៅ។ នេះជាលើកទីបីហើយ ដែលក្រុមហ៊ុនបានសុំចូលពិន្យាការងារ ក៏ដូចជាទទួល បានអនុសាសន៍ណែនាំ ពីឯកឧត្តមអគ្គលេខាធិការ ដើម្បីសិក្សាលម្អិតអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពុជា៕






