រុស្ស៊ី និងចិនគ្រោងសាងសង់ប្រព័ន្ធបណ្តាញដឹកជញ្ជូនប្រេងរវាងប្រទេសទាំង២ក្នុងតម្លៃ៦៨៦លានដុល្លារ

0

ដោយ: គង់ លាងហួរ

មូស្គូៈ ក្រុមហ៊ុន United Oil and Gas-Chemical (ONGK) របស់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចិនXuan Yuan Industrial Development បានព្រមព្រៀងគ្នាបណ្តាក់ទុនវិនិយោគ ចំនួន៥ពាន់លានយ័ន (ប្រហែល៦៨៦លានដុល្លារ) ដើម្បីសាងសង់ប្រព័ន្ធបណ្តាញដឹកជញ្ជូនប្រេង។

បណ្តាញនេះ នឹងជួយសម្រួលដល់ការនាំចេញ ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន ស្របពេលដែលទីក្រុងម៉ូស្គូ កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មការនាំចេញទំនិញ ទៅទិសខាងកើត និងងាកចេញពីតំបន់អឺរ៉ុប។

កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនេះត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន នៅទីក្រុង Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅឯវេទិកាសេដ្ឋកិច្ចដែលរៀបចំ ដោយមូលនិធិ Roscongress ។
បណ្តាញដឹកជញ្ជូនឆ្លងដែននេះ នឹងត្រូវបង្កើតឡើងនៅក្នុងតំបន់ស្វយ័តជនជាតិជ្វីហ្វរបស់រុស្ស៊ី ក្បែរស្ពានរថភ្លើងឆ្លងកាត់ទន្លេ Amur ដែលតភ្ជាប់ពីទីក្រុង Nizhneleninskoye របស់រុស្ស៊ីទៅកាន់ទីក្រុង Tongjiang របស់ប្រទេសចិន។

ផែនការនេះក៏បានបង្ហាញផងដែរ អំពីការសាងសង់ដេប៉ូមួយ ដែលមានធុងបញ្ឈរ និងផ្ដេកសម្រាប់ទទួល រក្សាទុក និងចែកចាយផលិតផលប្រេង និងប្រេងឥន្ធនៈចំនួន១លានតោនក្នុងមួយឆ្នាំ។
មូលនិធិ Roscongress បានអះអាងថា បណ្តាញនេះនឹងមានអង្គភាពហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ រួមទាំងស្ថានីយមួយ ដែលមានសមត្ថភាពស្តុក លាយ និងផ្ទុកល្បាយប្រេងឆៅ ប្រេង និងឧស្ម័នចំនួន៥,៨លានតោនក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here