ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះគោលនយោបាយមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។លោកបានអំពាវនាវឱ្យបង្កើន កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសចិន និងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។
លោក Li បានថ្លែងសុន្ទរកថា បើកពិព័រណ៍ចិន-អាស៊ានលើកទី២០ និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ានថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនការនាំចូលផលិតផលគុណភាពខ្ពស់ ពីបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពង្រីកទំហំពាណិជ្ជកម្ម។កម្មវិធីពិព័រណ៌នេះ កំពុងប្រព្រឹត្តិទៅនៅទីក្រុងណាននីង នៅតំបន់ស្វយ័ត Guangxi Zhuang ចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃអង្គារនេះ ដោយបានប្រមូលផ្តុំអាជីវកម្មជិត២.០០០ មកពីជាង៤០ ប្រទេស។
-->
លោក Li បានបញ្ជាក់ប្រាប់ក្រុមមេដឹកនាំអាស៊ាន និងតំណាងសហគមន៍អាជីវកម្មថា “ដើម្បីឱ្យភាគីទាំងពីរ ទទួលបានការអភិវឌ្ឍកាន់តែខ្លាំង ប្រទេសចិន និងអាស៊ានត្រូវតែសហការគ្នា ដោយផ្អែកលើគោលការណ៍ នៃផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង ដែលជាផលប្រយោជន៍រួម និងលើកកំពស់កិច្ចសហប្រតិបត្តិការអោយកាន់តែខ្ពស់មួយកម្រិតទៀត” ។
លោកក៏បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការទាញយកសក្តានុពលនៃពាណិជ្ជកម្មផ្លូវគោក និងសមុទ្រអន្តរជាតិថ្មី បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ បង្កើតនិងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងៗ លើវិស័យដែលកំពុងរីកចម្រើន ដូចជា គំនិតផ្តួចផ្តើមបៃតង និងកាបូនទាប ក៏ដូចជាសេដ្ឋកិច្ចឌីជីថល។
លោក Li បានលើកឡើងទៀតថា ទីក្រុងប៉េកាំងនៅតែមិនផ្លាស់ប្តូរការគាំទ្ររបស់ខ្លួន សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដែលផ្តោតលើអាស៊ាន ហើយនឹងធ្វើឱ្យមានភាពកាន់តែប្រសើរឡើងរវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសសមាជិកអាស៊ាន។លោកបានបន្តថា ការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន -អាស៊ាន3.0 នៅពេលនេះកំពុងដំណើរការយ៉ាងរលូន ហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពន្លឿនកិច្ចចរចា។
លោក Li បានរំលឹកអំពីឆ្នាំមិត្តភាព នៃការផ្លាស់ប្តូររវាងប្រជាជនចិន-អាស៊ានឆ្នាំ២០២៤ ដែលជាឱកាសដ៏សំខាន់មួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ យុវជន និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។លោកក៏បានធានាចំពោះថ្នាក់ដឹកនាំធុរកិច្ចថា ទីក្រុងប៉េកាំងនឹងធ្វើអោយស្ថាប័នរបស់ខ្លួន បោះជំហានកាន់តែខ្លាំង ក្នុងការការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌។
ថ្លែងក្នុងពិធីបើកពិព័រណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា “អាស៊ាន និងចិនអាចបង្ហាញពិភពលោក អំពីអត្ថប្រយោជន៍ជាក់ស្តែង នៃការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនពឹងផ្អែកលើលទ្ធិគាំពារនិយម ឯកតោភាគីនិយម ឬសេដ្ឋកិច្ចនិយម”។
សម្តេចបានបន្តថា អាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមក តាមរយៈការបើកចំហទីផ្សារបន្ថែម ការកែលម្អការតភ្ជាប់ ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សមត្ថភាពផលិតកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម”។ សម្តេចបន្ថែមទៀតថា “យើងត្រូវធ្វើការរួមគ្នា ដើម្បីជំរុញការវិនិយោគទៅមក។ លើសពីនេះ យើងគួរតែពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសក្នុងការអនុលោមតាមតម្រូវការទីផ្សារ និងតម្រូវការ”។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា ប្រទេសរបស់លោកបានទទួលយកបច្ចេកវិទ្យាពីប្រទេសលោកខាងលិច និងប្រទេសចិន ជាពិសេសក្រុមហ៊ុន Huawei ក្នុងការដាក់ពង្រាយ សេវា5G ។លោកបានបន្តថា ប្រទេសម៉ាឡេស៊ី បានធ្វើការសម្រេចចិត្តដោយមិនមានការគំរាមកំហែង ឬរងសម្ពាធនោះទេ ពីព្រោះយើងធ្វើការដោយផ្អែកលើការជឿទុកចិត្ត និងទំនុកចិត្តនៃទំនាក់ទំនងដែលមានជាច្រើនសតវត្សន៍កន្លងមកហើយ។លោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា រវាងអាស៊ាន និងចិន ដើម្បីផ្តោតលើសន្តិភាព និងវិបុលភាពក្នុងតំបន់ ព្រមទាំងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី និងពហុភាគី។
លោកលើកឡើងថា “ខ្ញុំមានសុទិដ្ឋិនិយមថា ពិព័រណ៍នេះនឹងបន្តដើរតួជាកាតាលីករ សម្រាប់អាជីវកម្មរបស់យើង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការងើបឡើងវិញនៃសេដ្ឋកិច្ច”។សន្ទុះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានក៏បានជំរុញទំនុកចិត្ត របស់បណ្តាថ្នាក់ដឹកនាំធុរកិច្ច នៅឯពិព័រណ៍ក្នុងទីក្រុងណាននីងផងដែរ។លោក Lu Yimin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China General Technology (Group) Holding បានអះអាងថា “សុន្ទរកថារបស់លោក Li កាលពីថ្ងៃអាទិត្យ បានបង្ហាញពីផ្លូវសម្រាប់ប្រទេសចិន និងអាស៊ានដើម្បីប្រកាន់ខ្ជាប់នូវភាពបើកចំហ និងបរិយាប័ន្ន ដើម្បីកសាងភាពជាដៃគូមិត្តភាព ប្រកបដោយនិរន្តរភាព រក្សាផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា”៕