ដោយៈ តែម សុខុម
វៀងចន្ទន៍: ហាង 7-Eleven សាខាទី១ ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជំរុញឱ្យក្រុមហ៊ុនប្រតិបត្តិករថៃ CP All Plc គ្រោងបើកសាខាទី២ ក្នុងប្រទេសនេះនៅខែក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា នេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនថៃ CP All Plc ដែលជាក្រុមផលិតចំណីអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ បានរាយការណ៍ថា ហាង 7-Eleven សាខាដំបូងនៅទីក្រុងវៀងច័ន្ទ ដែលទើបតែបើកដំណើរការកាលពីថ្ងៃទី៧ ខែកញ្ញា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកស្រុក។
ក្រុមហ៊ុននេះនិយាយថា អតិថិជនបាននិងកំពុងសម្រុក មកកាន់ហាង7-Eleven ពេញៗមួយថ្ងៃ ដើម្បីទិញទំនិញផ្សេងៗ រួមមានផលិតផលប្រើប្រាស់ និងចំណីអាហារវេចខ្ចប់ស្រេចចំនួន៥.០០០មុខ។សាខា 7-Eleven នៅទីក្រុងវៀងច័ន្ទន៍ បើក២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយថែមទាំងមានតាំងលក់នូវផលិតផលក្នុងស្រុករបស់ឡាវ ដែលកំពុងទទួលបានប្រជាប្រិយភាពទាំងក្នុងស្រុក និងក្នុងចំណោមភ្ញៀវទេសចរ។






