ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ភ្នំពេញៈ អ្នកជោគជ័យមិនបោះបង់ អ្នកបោះបង់មិនដែលជោគជ័យ នៅតែជាពាក្យដែលត្រូវប្រើ ដើម្បីលើកទឹកចិត្តខ្លួនឯង សម្រាប់អ្នកវិនិយោគ អ្នកអភិវឌ្ឈន៍ក្នុងវិស័យអចលនទ្រព្យ។
ស្របពេលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មានភាពប្រសើរឡើង សម្រាប់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែបើគិតពីមីក្រូសេដ្ឋកិច្ច ម្ចាស់អាជីវកម្មនានា ពិតជាកំពុងរងផលប៉ះពាល់ពីស្ថានភាព និងហានិភ័យសេដ្ឋកិច្ច ដែលកំពុងមានភាពមិនច្បាស់លាស់នេះ។ សំណួរមានភាពរសើបជាច្រើន ត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ ទាក់ទងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈម្ចាស់អាជីវកម្មនានាកំពុងរងផលប៉ះពាល់ និងកំពុងខាតបង់។
-->
តើស្ថានភាពអចលនទ្រព្យកំពុងស្ថិតក្នុងសភាពបែបណា?
ប្រសិនជានិយាយពាក្យសាមញ្ញ ទីផ្សារនេះហាក់បានកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែស្ថានភាពនៅតែមានភាពប្រសើរ សម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានមូលដ្ឋានទុនរឹងមាំ និងរៀបចំបែបផែនអភិវឌ្ឍន៍ក្នុងខនសឹបថ្មី ស្របតាមបរិបទរបស់សេដ្ឋកិច្ច និងសង្គម និងសមស្របនឹងអំណាចទីផ្សារដែលមានបច្ចុប្បន្ននេះ។
ឧទាហរណ៍ អ្នកសាងសង់បុរីសម្រាប់លក់ ពួកគេគួរសាងសង់បុរី ដែលមានគុណភាព ប្រណីតភាពជាងមុន ជាមួយតម្លៃសមរម្យជាងមុន។ អ្នកវិនិយោគដីលំហែរកាយ គួរវិនិយោគ និងអភិវឌ្ឍន៍ឡើងស្របតាមរសនិយម និងមូលដ្ឋាននៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះមនុស្សជាច្រើន កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត ហើយត្រូវការទីតាំងមួយ ដែលមានការលំហែរពិតប្រាកដ។
អ្វីជាពិសេស អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ គួរបង្វែរការគិតចេញពីការសាងសង់ខុនដូ ពីសាងសង់បុរី ទៅវិនិយោគលើរមណីយដ្ឋានលំហែរកាយបែបទេសចរណ៍ តាមស្តង់ដាអន្តរជាតិ ដែលអាចចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាកាន់តែច្រើន។ វិនិយោគលើវារីវប្បកម្ម កសិឧស្សាហកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលផលិតផលទាំងនោះ គួរជាតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទៅជាដើម។
តើលំហូរFDIសំខាន់បែបណាក្នុងវិស័យនេះ?
ប្រទេសមួយ មិនអាចរីកចម្រើន ដោយពឹងតែលើមូលធនក្នុងស្រុកនោះទេ គឺលំហូរទុនវិនិយោគពីបរទេស ពិតជាដើរតួនាទីសំខាន់ខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ បណ្តាប្រទេសនានា។
ជាក់ស្តែង ក្រុងព្រះសីហនុ បានទទួលទុនវិនិយោគពីបរទេស ពិសេសពីប្រទេសចិន ប្រមាណ៨០០០លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដែលមូលធនទាំងនេះបានធ្វើឲ្យមុខមាត់របស់ខេត្តផ្លាស់ប្តូរទាំងស្រុង។ ការរីកចម្រើនដ៏លឿនស្លេវនេះ ពិតជាមិនអាចវាស់វែងបានឡើយ ប៉ុន្តែប្រសិនជាពឹងលើមូលធនឬអ្នកវិនិយោគក្នុងស្រុក ខេត្តមួយនេះទំនងជាចំណាយពេលមិនតិចជាង១០០ឆ្នាំនោះឡើយ ទើបមានការរីកចម្រើនបែបនេះ។
លំហូរទុនវិនិយោគពីបរទេស មកលើវិស័យអចលនទ្រព្យហាក់ជាប់គាំង នៅពេលទីផ្សារនេះ ហាក់កំពុងមានសភាពការផ្គត់ផ្គង់លើសតម្រូវការ ហើយប្រទេសដែលមានប្រភពទុនវិនិយោគ មកកាន់កម្ពុជាច្រើនជាងគេ ក៏បាននិងកំពុងរងវិបត្តិអចលនទ្រព្យផងដែរ។
តើទីផ្សារនេះត្រូវការពេលយូរប៉ុណ្ណាទៀត ដើម្បីងើបឡើងវិញ?
ក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៤ ហាក់មានសញ្ញាច្បាស់លាស់បណ្តើរៗ ប្រសិនជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបិទបញ្ចប់ ប៉ុន្តែសំណួរសំខាន់នៅទីនេះ គឺត្រូវសួរថា តើសង្រ្គាមនេះនឹងបញ្ចប់នៅឆ្នាំក្រោយឬទេ? ខណៈមហាអំណាចធំៗចំនួន៣ កំពុងប្រជែងគ្នា ដើម្បីឥទ្ឋិពលសេដ្ឋកិច្ច នយោបាយ និងយោធានៅលើពិភពលោក?។
តើអាមេរិក នឹងបន្ថយកំដៅជាមួយប្រទេសចិន និងរុស្ស៊ីឬទេ? ស្របពេលមហាអំណាចលេខ១ និងសម្ព័ន្ឋមិត្តរបស់ខ្លួន កំពុងបន្ថយឥទ្ឋិពលរុស្ស៊ី និងមហាអំណាចចិន? ខណៈពេលនេះ ឥទ្ឋិពលនយោបាយ និងការរៀបចំប្រព័ន្ឋហិរញ្ញវត្ថុយ៉ាងចាក់ស្រេះ បាននិងកំពុងធ្វើឲ្យប្រទេសចិនជួបវិបត្តិបណ្តើរៗ។
ទន្ទឹមនឹងនេះ ការដាក់ចេញគោលនយោបាយ សេដ្ឋកិច្ចខុស របស់មេដឹកនាំចិន បាននិងកំពុងរុញប្រទេសរបស់ខ្លួន ឲ្យដើរថយក្រោយ និងធ្វើឲ្យការឈានឡើង ជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។សំណួរ ចម្លើយទាំងនេះ យើងអាចវិភាគបានលើមូលដ្ឋាននៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យរបស់ប្រទេសចិន រុស្ស៊ី តំបន់ ក៏ដូចជាកម្ពុជាផងដែរ។
ប៉ុន្តែសញ្ញាច្បាស់លាស់មួយ គឺប្រជាពលរដ្ឋកម្ពុជា ដែលមាន វ័យចន្លោះពី១៥ ដល់៣៥ឆ្នាំ មានចំនួនជាង៥លាននាក់នៅកម្ពុជា ពួកគេគឺជាប្រភពអំណាចនៃការទិញនៅទីនេះ ស្របពេលរដ្ឋាភិបាលបានព្យាករណ៍ថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ នឹងកើនឡើងដល់ជិត២០០០ដុល្លារនៅឆ្នាំ២០២៣នេះ។ ហេតុនេះ ការងើបឡើងវិញរបស់វិស័យនេះ ត្រូវការពឹងផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេស អំណាចប្រជាសាស្រ្ត និងលំហូរទុនវិនិយោគពីបរទេស ដើម្បីឲ្យទីផ្សារនេះងើបឡើងពីសុបិនមួយ ដែលកំពុងមានសភាពរវើរវាយ៕