ដោយៈ តែម សុខុម
បាងកក: ការិយាល័យអន្តោប្រវេសន៍ (IB) របស់ថៃ នឹងបង្កើនចំនួនមន្រ្តីជាច្រើន នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ខណៈភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន កំពុងបុកចូលប្រទេសថៃយ៉ាងគំហុក នៅពេលគោលនយោបាយគ្មានទិដ្ឋាការថ្មី នឹងត្រូវបានអនុវត្តជផ្លូវការនៅសប្តាហ៍ក្រោយ។
ដោយត្រូវបានអនុម័តនៅថ្ងៃទី១៣ ខែកញ្ញា ហើយប្រកាសតាមកាសែត Royal Gazette កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ការចូលប្រទេសថៃ កាន់ងាយស្រួលសម្រាប់ប្រជាជន នៃប្រទេសទាំងពីរខាងលើ នឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃច័ន្ទ សប្ដាហ៍ក្រោយរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
-->
ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ ភ្ញៀវទេសចរដែលមានចំនួនកើនឡើង ស្នងការរងនគរបាលលោកឧត្តមសេនីយ៍ទោ Thatchai Pitaneelaboot កាលពីថ្ងៃអង្គារ សប្ដាហ៍នេះបានជួបជាមួយមន្ត្រី មកពីផ្នែកអន្តោប្រវេសន៍ទី២ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដើម្បីពិភាក្សា និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់មន្ត្រី សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងរដូវដែលមានភ្ញៀវច្រើន (High season)។
លោក Thatchai Pitaneelabootបានថ្លែងថា អាកាសយានដ្ឋាននេះ នឹងទទួលបានភ្ញៀវកាន់តែច្រើនឡើង បន្ទាប់ពីគម្រោងគ្មានទិដ្ឋាការចាប់ផ្តើមដំណើរការ។ លោកបន្តថា ចំនួនភ្ញៀវទេសចរចិន ត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងពី៣០០.០០០ ទៅ៥០០.០០០នាក់ក្នុងមួយខែ។
នគរបាលអន្តោប្រវេសន៍ប្រមាណ១៥០នាក់ ត្រូវបានត្រៀមសម្រាប់ត្រួតពិតិត្យ នៅតាមបញ្ជរអន្តោប្រវេសន៍ទាំង១១៩ អំឡុងម៉ោងមានភ្ញៀវច្រើន នៅអាកាសយានដ្ឋាននេះ នៅពេលគោលនយោបាយគ្មានទិដ្ឋាការ ត្រូវបានអនុវត្តន៍ ដើម្បីផ្តល់សេវាកម្មឱ្យបានរហ័សទាន់ចិត្ត។ម៉ោងមានភ្ញៀវច្រើនជាងគេ សម្រាប់ជើងហោះហើរពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន គឺមុនថ្ងៃរះ និងពេលថ្ងៃត្រង់។
លោកបានបន្ថែមថា ភ្ញៀវម្នាក់ៗត្រូវចំណាយពេលតិចជាង២០នាទី នៅក្នុងការតម្រង់ជួរនៅបញ្ជរទិដ្ឋាការ។លោកបានបញ្ជាក់ថា ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ជាក្រុមក៏នឹងត្រូវបើកដំណើរផងដែរ ខណៈក្រុមមន្រ្តី ដែលមានជំនាញភាសាបរទេស នឹងត្រូវបានចាត់តាំងទៅកាន់តំបន់អន្តោប្រវេសន៍ ដើម្បីជួយក្នុងករណីភ្ញៀវត្រូវការជំនួយ៕ Bangkok Post៕