ភ្នំពេញៈ មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយរដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។ស្របពេលជាមួយគ្នានេះ មានតម្រុយផ្លូវមួយចំនួននៃអ័ក្សផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវបានបោះបង្គោលបណ្តើរៗហើយផងដែរ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានចុះទៅកាន់តំបន់នេះ កាលពីថ្ងៃទី២០ កញ្ញា បានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ មានចម្ងាយមិនឆ្ងាយឡើយ ពីរាជធានីភ្នំពេញ ដែលនេះជាមូលហេតុធ្វើឲ្យ ដីតំបន់នេះបន្តឡើងថ្លៃ និងមានតម្រូវកើនឡើងបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីបានចូលកាន់ដំណែង។
លោកបន្តថា “ជាក់ស្តែងទោះបីផ្លូវនេះ មិនទាន់សាងសង់ក្តី ប៉ុន្តែតម្លៃដីបានហក់ឡើងចន្លោះពី២៥ ទៅ៤០ដុល្លារ រួចទៅហើយក្នុងមួយម៉ែត្រការ៉េ” ។ លោកបន្តទៀតថា “ភាពអំណោយផលនៃដី ទីតាំងភូមិសាស្រ្ត នឹងប្រែក្លាយតំបន់នេះ ក្លាយជាតំបន់វិនិយោគដីធ្លី សង់ជាឃ្លាំង រោងចក្រ បុរី និងជាផ្ទះលំហែរកាយ ដ៏ពេញនិយមនាពេលអនាគត”។
លោកយិន លាងគង់ បានបន្តថា លោកមានការចាប់អារម្មណ៍និងពេញចិត្ត ផ្លូវក្រវ៉ាត់ក្រុងទី៤ តំបន់ស្រុកកណ្តាលស្ទឹង បានអង្កេតឃើញថា មានសណ្ឋានដីខ្ពស់ មិនលិចទឹក ដីមានរាងសមរូបសមរាង អាចធ្វើដំណើរ ដោយឡានចូលទៅដល់ទីតាំងដីផ្ទាល់បាន ។
សូមទស្សនាទេសភាពផ្លូវក្រវ៉ាត់ក្រុងទី៤ ថតដោយ លោក ហេង ស្ថាបនិកក្រុមហ៊ុន Percentage Realty CO., LTD
លោកបានបន្តថា ទោះបីជាផ្លូវនេះ ទើបបានបោះបង្គោលកំណត់ព្រំខ្លះៗក្តី ប៉ុន្តែបច្ចុប្បន្ន ឃ្លាំង រោងចក្រ បុរី និងជាផ្ទះលំហែរកាយ បានលេចឡើងបណ្តើរៗហើយ ជាមួយនឹងអ្នកវិនិយោគជាច្រើនបាន និងកំពុងត្រៀម ធ្វើការវិនិយោគដីសង់ជាឃ្លាំង រោងចក្រ បុរីខ្លះៗ ផងដែរ។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន បានសិក្សាចប់សព្វគ្រប់តាំងពីឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។







