ប្រទេសឡាវទទួលផលចំណេញពីការផ្លាស់ប្តូររបស់សិង្ហបុរី ដែលងាកទៅរកថាមពលកកើតឡើងវិញ

0

ដោយៈ តែម សុខុម

វៀងចន្ទន៍: ខណៈបណ្ដាប្រទេសជាសមាជិកអាស៊ាន ចុះកិច្ចព្រមព្រៀង ដើម្បីងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងឆ្ពោះទៅរកប្រភពថាមពលកកើតឡើងវិញ បានធ្វើឲ្យប្រទេសឡាវនឹងទទួលបានអត្ថប្រយោជន៍ ពីនិន្នាការដែលមិនប៉ះពាល់ ដល់បរិស្ថាននេះ។

យោងតាមសារព័ត៌មាន Nikkei Asia ឱ្យដឹងថា ប្រទេសសិង្ហបុរី ដែលប្រើប្រាស់ឧស្ម័នធម្មជាតិ៩៥% ជាប្រភពថាមពលដ៏ចម្បង កំពុ​ងព្យាយាម ផ្លាស់ប្តូរឆ្ពោះទៅរកការនាំចូលឱ្យបាន៣០% នៃការផ្គត់ផ្គង់អគ្គិសនីកាបូនទាប៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥។ជាលទ្ធផលការផ្លាស់ប្ដូរនេះ បានធ្វើឱ្យប្រទេសនានា ដូចជា ឡាវ ជាដើមដែលកំពុងបង្កើន សមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីចំណាត់ការនេះ។ប្រមាណ៨០%នៃថាមពលអគ្គិសនី ដែលផលិតដោយប្រទេសឡាវ គឺលក់ទៅឱ្យបណ្ដាប្រទេសជិតខាង ដោយការលក់ទៅឱ្យប្រ​ទេសថៃ និងប្រទេសវៀតណាម គ្របដណ្ដប់ប្រមាណ៣០%នៃការនាំចេញសរុបរបស់ប្រទេសឡាវ។

ទោះជាយ៉ាងណា ពេលនេះប្រទេសឡាវ បានត្រៀមហេដ្ឋារចនាសម្ព័ន្ធបញ្ជូន ដើម្បីនាំចេញថាមពលមកកាន់កម្ពុជា ហើយបានផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសសិង្ហបុរី រួចហើយចាប់តាំងពីឆ្នាំ២០២២។ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអភិវឌ្ឍន៍ ដើម្បីបញ្ជូនថាមពលមកកម្ពុជា ក៏នឹងប្រើប្រាស់នាពេលអនាគតផងដែរ ដើម្បីនាំចេញថាមពលកាន់តែច្រើន ទៅកាន់ប្រទេសសិង្ហបុរីតាមរយៈកម្ពុជា។

លើសពីនេះ ប្រទេសឡាវ ក៏បានចាប់ផ្តើមសាងសង់គម្រោងស្ថានីយអគ្គិសនី ដើរដោយថាមពលខ្យល់មានឈ្មោះ Monsoon Wind Power Project ក្រោមទុនវិនិយោគ៧០០លានដុល្លារអាមេរិកផងដែរ។នេះនឹងក្លាយជាស្ថានីយអគ្គិសនី ដើរដោយថាមពលខ្យល់ដ៏ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិតថាមពលបាន៦០០មេហ្គាវ៉ាត់(MW) ដោយភាគច្រើននឹងត្រូវនាំចេញ ទៅកាន់ប្រទេសវៀតណាម ដែលស្ថានភាពនាពេលថ្មីៗនេះ ប្រទេសនេះជួបកង្វះខាតថាមពលរ៉ាំរ៉ៃ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here