ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងកើនលើសពី១,៣លានពាន់ដុល្លារ។
បន្ទាប់ពីអញ្ជើញពិនិត្យបណ្តាក្រុមហ៊ុន និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកស៊ុន ចាន់ថុលបានថ្លែងថា តាមរយៈទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃដំណើរការក្រុមហ៊ុន និងរោងចក្រនាពេលនេះ សង្កេតឃើញថាក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានរួមចំណែកធ្វើឲ្យអ្នកវិនិយោគធំៗ ទទួលបានជោគជ័យ ហើយបានពង្រីកទំហំវិនិយោគបន្ថែម ដូចជា ការសាងសង់រោងចក្របន្ថែមដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ផ្អែកលើវឌ្ឍនភាពវិជ្ជមាន របស់អ្នកវិនិយោគ ទើបធ្វើឲ្យទំហំពាណិជកម្មនាំចេញ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានកើនឡើង និងត្រូវបានរំពឹងថាឆ្នាំ២០២៣ នឹងកើនលើសពីចំនួនជាង ១,៣ ពាន់លានដុល្លា បើធៀបនឹងឆ្នាំ២០២២”។


លោកបន្ថែមថា ចំណុចវិជ្ជមាន ដែលការទាក់ទាញអ្នកវិនិយោគបាន ផ្អែកកលើសុខសន្តិភាពស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូ និងស្ថេរភាពលើការចរាចរណ៍សាច់ប្រាក់ មួយវិញទៀតច្បាប់ពីនយោបាយកម្ពុជា បានបើកទូលំទូលាយមិនមានការរឹតត្បិត ឬហាមឃាត់អ្នកវិនិយោគចង់បណ្ដាក់ទុនលើវិស័យណាមួយនោះទេ៕




