ដោយ: គង់ លាងហួរ
ហូជីមិញ: ភ្ញៀវទេសចរបរទេសចាយវាយតិចជាងមុន ក្នុងការដើរទិញទំនិញ នៅទីក្រុងហូជីមិញ ខណៈពួកគេភ័យខ្លាច ចំពោះការលក់កោរថ្លៃ ដែលជាបញ្ហាចាក់ឫសយ៉ាងជ្រៅ ទៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសវៀតណាម អស់ជាច្រើនឆ្នាំកន្លងមកនេះ។
លោក Bui Thi Ngoc Hieu អនុប្រធាននាយកដ្ឋានទេសចរណ៍ប្រចាំទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ ទីក្រុងហូជីមិញបានស្វាគមន៍ភ្ញៀវ អន្តរជាតិចំនួន១,៩លាននាក់។
-->
ទោះបីជាការដើរទិញឥវ៉ាន់ត្រូវបានចាត់ទុកថា ជាផលិតផលសំខាន់របស់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសវៀតណាមយ៉ាងណាក្តី ក៏ប៉ុន្តែសមាមាត្រនៃការចំណាយលើការទិញទំនិញនៅមានកម្រិតទាបនៅឡើយ។ លោក Hieu បានបន្តថា ប្រាក់ចំណូលសរុបពីទេសចរណ៍នៅទីក្រុងហូជីមិញឈានដល់៨០,៨ពាន់ពាន់លានដុង (៣,៣២ពាន់លានដុល្លារ) ដែលក្នុងនោះសកម្មភាពទិញទំនិញ របស់ភ្ញៀវអន្តរជាតិបានរួមចំណែក៩% ។
នៅទីក្រុងហូជីមិញ ភ្ញៀវទេសចរបរទេសចាយវាយ១៧%នៃការចំណាយសរុបរបស់ពួកគេ ទៅលើការទិញទំនិញ ខណៈការចំណាយរបស់ភ្ញៀវទេសចរបរទេស ទៅលើការទិញទំនិញនៅក្នុងទីក្រុងបាងកកមានចំណែក២៣% នៃការចំណាយសរុប នៅសិង្ហបុរី២៨% និងនៅទីក្រុងគូឡាឡាំពួរ៣២%។
ការលក់កោរភ្ញៀវទេសចរបរទេស នៅតាមផ្សារប្រពៃណីបានក្លាយជារឿងដ៏ឈឺក្បាលមួយ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសវៀតណាម។លោក Hieu បានបញ្ជាក់ថា “ការលក់កោរលុយភ្ញៀវ មិនត្រឹមតែបង្កផលប៉ះពាល់ផ្ទាល់ ដល់អ្នកលក់ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់មុខមាត់ទេសចរណ៍ របស់ទីក្រុងហូជីមិញផងដែរ”។
ជាក់ស្តែង កាលពីខែមុន អ្នកលក់ខោអាវក្នុងផ្សារ Ben Thanh ត្រូវបានហាមប្រាម មិនអោយធ្វើអាជីវកម្មរយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានគិតលុយពីភ្ញៀវទេសចរជប៉ុន ចំនួន១២ដងនៃតម្លៃធម្មតាសម្រាប់ស្រោមជើង។ឧបទ្ទវហេតុនេះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញ YouTube ដោយមានភ្ញៀវទេសចរបរទេសជាច្រើន បានបញ្ចេញមតិអវិជ្ជមាន អំពីទេសចរណ៍នៅក្នុងប្រទេសវៀតណាម។
លោក Huynh Phan Phuong Hoang នាយករងប្រតិបត្តិករទេសចរណ៍ឈានមុខគេ Vietravel បានមានប្រសាសន៍ថា “ភ្ញៀវទេសចរបរទេសជាច្រើន បានចំណាយតិចជាងមុន និងគូសក្រិតកំណត់លើការដើរទិញឥវ៉ាន់ នៅពេលធ្វើដំណើរនៅកាន់ទីក្រុងហូជីមិញ ដោយសារពួកគេខ្លាចការលក់កោរបែបនេះ”៕