ដោយៈ តែម សុខុម
ប៉េកាំង: ពេលនេះប្រទេសចិន កំពុងសាកល្បងគោលនយោបាយអចលនទ្រព្យថ្មី ក្នុងទីក្រុងគំរូមួយដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង កំពុងសាងសង់នៅខាងក្រៅរដ្ឋធានីប៉េកាំង នៅក្នុងការព្យាយាមរក្សាស្ថិរភាពទីផ្សារលំនៅឋាន ដែលកំពុងរង្កោះរង្គើដោយសារវិបត្តិឥណទាន។
ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua បានចុះផ្សាយកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលរដ្ឋបាលលំនៅឋាននៃក្រុងសុងអាន (Xiong’an) ថា ផ្ទះទាំងអស់ក្នុងទីក្រុងសុងអាន ដែលស្ថិតនៅចម្ងាយប្រមាណ១៣០គីឡូម៉ែត្រ នាភាគនិរតីនៃរដ្ឋធានីប៉េកាំង ត្រូវសាងសង់ឱ្យរួចរាល់សិន មុននឹងអាចដាក់លក់បាន។
នេះជាកំណែទម្រង់ដ៏ធំមួយ និងជាការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលពីគំរូអចលនទ្រព្យលក់ Pre-sale (ការលក់មុនពេលគម្រោងសាង់សង់ចាប់ផ្ដើម) ដែលអនុវត្តជាទូទៅនៅទូទាំងប្រទេសចិន។ ជាធម្មតានៅក្នុងការ Pre-sale គឺអ្នកទិញផ្ទះបង់ប្រាក់ជាមុនឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទាំងដែលមិនទាន់បានឃើញរូបរាងផ្ទះ។






