ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនសារព័ត៌មានអាមេរិក U.S. News & World Report បានធ្វើការចងក្រង និងវាយតម្លៃចំណាត់ថ្នាក់ បណ្តាប្រទេសល្អបំផុតទាំង៨៧ នៅលើពិភពលោក សម្រាប់ជនបរទេសចូលនិវត្តន៍ប្រកបដោយផាសុកភាព ឬដោយសុខស្រួល។
នេះបើយោងតាមសារពត៌មាន វៀតណាម VNexpress ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងចំណោម៨៧ប្រទេសនោះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥២ ជាប្រទេសល្អបំផុតរបស់ពិភពលោក សម្រាប់ការចូលនិវត្តន៍ប្រកបដោយផាសុកភាព ឬដោយសុខស្រួល។ចំណែក ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៥០ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៦២ ខណៈប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ៧៥។
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៤០ ពោលគឺឈរនៅពីក្រោយប្រទេសជិតខាង ដូចជា ថៃជាប់ចំណាត់ថ្នាក់លេខ១៨ ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ២៧ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២៩ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣១ និងឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៣៩។
នៅឆ្នាំនេះ ប្រទេសស្វីសត្រូវបានបោះឆ្នោត ជ្រើសរើសជាប្រទេសល្អបំផុតទី១ នៅលើពិភពលោក សម្រាប់អ្នកចូលនិវត្តន៍ បន្ទាប់មកគឺប្រទេសព័រទុយហ្គាល់ ជាប់ចំណាត់ថ្នាក់លេខ២ និងអូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ៣។
ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសនូវែលសេឡង់ ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសអេស្ប៉ាញ ចំណាត់ថ្នាក់លេខ៦បានទៅលើប្រទេសកាណាដា។
ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសស៊ុយអែត ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសអ៊ីតាលី ចំណាត់ថ្នាក់លេខ៩បានទៅលើប្រទេសក្រិក និងចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសដាណឺម៉ាក។
ការវាយតម្លៃចំណាត់ថ្នាក់ធ្វើឡើង ដោយផ្អែកលើការស្ទង់មតិជាសកលលើមនុស្សជាង១៧.០០០នាក់ ដែលកត់ត្រាការយល់ឃើញរបស់ពួកគេលើកត្តាជាច្រើនដូចជា តម្លៃសមរម្យ(affordability) បរិយាកាសពន្ធដ៏អំណោយផល ភាពរួសរាយរាក់ទាក់ អាកាសធាតុល្អ ការគោរពសិទ្ធិអចលនទ្រព្យ និងប្រព័ន្ធសុខភាពសាធារណៈ ដែលមានការអភិវឌ្ឍល្អ៕