ប្រទេសចិន ចាប់ផ្ដើមបន្ធូរបន្ថយការគ្រប់គ្រងមូលធនសម្រាប់ ជនបរទេសនៅក្រុងសៀងហៃ និងប៉េកាំង

0

តែម សុខុម

ប៉េកាំង: ប្រទេសចិន កំពុងចាត់វិធានការបន្ធូរបន្ថយវិធានការគ្រប់គ្រងមូលធនដ៏តឹងរ៉ឹង ក្នុងក្រុងសំខាន់ៗចំនួនពីររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ឱ្យវិលត្រលប់មកវិញ ខណៈការវិនិយោគក្រៅប្រទេសធ្លាក់ចុះ ហើយសេដ្ឋកិច្ចចិន ក៏ដាំក្បាលចុះ។

នៅក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បង និងតំបន់ Lingang នៃក្រុសៀងហៃ បណ្ដាវិនិយោគិនបរទេសពេលនេះ ត្រូវបានអនុញ្ញាតឱ្យផ្ទេរដោយសេរី នូវមូលនិធិដែលទាក់ទិន ការវិនិយោគរបស់ពួកគេទាំងក្នុង និងក្រៅប្រទេសចិន ដោយគ្មានការពន្យារពេលណាមួយឡើយ ប្រសិនបើប្រាក់នោះ “មានប្រភពច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់” ដែលអាជ្ញាធរក្រុងសៀងហៃ និយាយថាស្ថិតក្នុងវិធានដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា។

ជនបរទេសដែលបម្រើការ នៅក្រុមហ៊ុនបរទេសមានមូលដ្ឋាននៅក្នុងតំបន់ទាំងនោះ រួមទាំងបុគ្គលិកមកពីហុងកុង ម៉ាកាវ ឬ កោះតៃវ៉ាន់ ផងអាចផ្ទេរប្រាក់ឈ្នួល និងប្រាក់ចំណូលស្របច្បាប់ផ្សេងទៀតចេញពីប្រទេសចិន បានដោយសេរី និងស្របច្បាប់។

អាជ្ញាធរក្រុងសៀងហៃបានបន្ថែមថា ប្រភេទរូបិយប័ណ្ណ ចំនួននៃការផ្ទេរប្រាក់ ឬ ភាពញឹកញាប់នៃការផ្ទេរប្រាក់ នឹងមិនត្រូវបានដាក់កម្រិតដោយស្ថាប័ន ឬបុគ្គលណាមួយឡើយ។ នេះមានន័យថា ពួកគេអាចផ្ទេរប្រាក់ជារូបិយប័ណ្ណ ប្រភេទណាក៏បាន ផ្ញើរចេញប៉ុន្មានដងក៏បាន ឬផ្ញើញឹកញាប់ប៉ុនណាក៏បានដោយសេរី។

ក្រុងប៉េកាំង ក៏បានស្នើបទប្បញ្ញត្តិស្រដៀងគ្នានេះដែរ សម្រាប់ទីក្រុងនេះទាំងមូល។ នេះបើយោងតាមសេចក្តីព្រាងវិធានចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះ ដែលពេលនេះ សុំឱ្យសាធារណជនជួយផ្ដល់មតិកែកម្អ។
ទន្ទឹមនឹងនេះ ក្រុងប៉េកាំង ក៏កំពុងស្វះស្វែងលើកលែង ក្រុមហ៊ុននៅក្រៅប្រទេស ពីការចុះឈ្មោះអត្រាប្តូរប្រាក់បរទេស សម្រាប់ការវិនិយោគឡើងវិញរបស់ពួកគេផងដែរ។

អាជ្ញាធរទីក្រុងប៉េកាំងបាននិយាយថា វិធានដែលត្រូវបានស្នើឡើងទាំងនេះ មានគោលបំណងសម្រួល និងជំរុញការវិនិយោគធុរកិច្ចបរទេស៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here