ធនាគារ ADB: វិបត្តិអចលនទ្រព្យចិននឹងទាញឱ្យកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍអាស៊ី (ADB)បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេស កំពុងអភិវឌ្ឍនៅតំបន់អាស៊ីនៅឆ្នាំនេះ នឹងទាបជាងការរំពឹងទុកពីមុនបន្តិច ដោយសារវិបត្តិអចលនទ្រព្យនៅប្រទេសចិន និងហានិភ័យគ្រោះរាំងស្ងួត El Niño។

ធនាគារADB បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់កំនើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ នៅតំបន់អាស៊ី ដែលកំពុងអភិវឌ្ឍ មកនៅត្រឹម៤,៧% បើធៀបនឹង៤,៨% ដែលបានព្យាករកាលពីខែកក្កដាកន្លងទៅ។

ប៉ុន្តែកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ សម្រាប់តំបន់អាស៊ី កំពុ​ងអភិវឌ្ឍន៍ដែលរួមបញ្ចូលប្រទេសចំនួន៤៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានដំឡើងបន្តិចទៅដល់៤,៨% បើធៀបនឹងការព្យាករពីមុន៤,៧%។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមើលឃើញថា កំនើនសេដ្ឋកិច្ចដ៏ធន់នៅក្នុងតំបន់នេះ ពិតជាផ្អែកលើការប្រើប្រាស់ និងការវិនិយោគក្នុងស្រុកដ៏រឹងមាំ ទោះបីជាមានការថយចុះ នៃតម្រូវការខាងក្រៅយ៉ាងណាក្តី”។

ធនាគារ ADB បានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយសេដ្ឋកិច្ចចិន និងឥណ្ឌារំពឹងថា នឹងកើនឡើងក្នុងរង្វង់៤,៩% និង៦,៣%រៀងៗគ្នានៅឆ្នាំនេះ បើធៀបនឹងការព្យាករពីមុនក្នុងរង្វង់៥% និង៦,៤%រៀងៗគ្នាកាលពីខែកក្កដា។

ធនាគារADB បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា វិបត្តិ​អចលនទ្រព្យរបស់ប្រទេសចិន បានបង្កឱ្យមានហានិភ័យ ដែលទាញឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយវិបត្តិនេះអាចរារាំង ដល់កំណើននៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here