ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ កម្ពុជា និងអូស្ត្រាលី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកដំណើរការភាពជាដៃគូថ្មីមួយ លើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។
ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់(CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្មសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
កិច្ចការងារធំៗទាំង៣នៃភាពជាដៃគូនេះរួមមាន ទី១ មូលនិធិកែច្នៃចំណីអាហារ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ទី២ វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។
ទី៣ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ “ចំណីអាហារ ការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ”។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា អូស្ត្រាលី ប្ដេជ្ញាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ -ចំណីអាហារ ឲ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានថ្លែងថា ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារ សម្រាប់សហគ្រាសធុន តូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក មូលនិធិនេះនឹ ងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្ដល់ឲ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ៕