ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកជំនាញ និងវិភាគសេដ្ឋកិច្ចជាច្រើនបានមើលឃើញបញ្ហាជាច្រើន ក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដែលកំពុងជួបបញ្ហា និងភាពមិនច្បាស់លាស់។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការវិភាគ និងលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងពន្ធដារក្នុងវិស័យអចលនទ្រព្យ។
លោកបណ្ឌិតបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បញ្ហាដែលអាជីវករជួបវិបត្តិកន្លងមក គឺរឿងបង់ពន្ធ ដោយមុនពេលបើកកន្លែងសំណង់ អាជីវករទិញដី ហើយទៅជជែកជាមួយអាជ្ញាធរ មុនពេលសុំច្បាប់ត្រឹមត្រូវ។លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានបន្តថា នៅពេលចាប់ផ្តើមសាងសង់ មន្ត្រីពន្ធដារខណ្ឌបានចុះទៅ ហើយអាជីវករបានជូនជាកញ្ចប់មួយចំនួនទៅពន្ធដារខណ្ឌ តែពន្ធធំជាអ្នកត្រូវអនុវត្តច្បាប់នេះ។
លោកបញ្ជាក់ថា អ្នកធ្វើជំនួញមិនបានដឹងថា ត្រូវបង់ទៅពន្ធដារខណ្ឌ ឬពន្ធធំនោះទេ ហើយពន្ធដារខណ្ឌ ក៏មិនបានរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ ឬប្រាប់ទៅអ្នកសាងសង់ទេ។ ដូច្នេះអ្នកសាងសង់យល់ថា បានជូនកញ្ចប់ទៅពន្ធដារខណ្ឌរួចហើយ អាចចាប់ផ្តើមលក់បានហើយ។លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងបែបនេះក្នុងវេទិកាកិច្ចពិភាក្សាតុមូលស្តីពី “ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា” ដែលរៀបចំឡើង ដោយរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
លោកបណ្ឌិតអះអាងថា នៅពេលចាប់ផ្ដើមលក់ ពន្ធមានច្រើនដែលត្រូវជាប់ ដែលរួមមានពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ពន្ធលើប្រាក់បៀវត្សបុគ្គលិក អាករលើតម្លៃបន្ថែម ដែលលក់ផ្ទះល្វែងត្រូវបង់១០% លក់ដីបង់អាករលើតម្លៃបន្ថែម១០% ពន្ធលើឈ្នួលអចលនទ្រព្យ ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា ពន្ធប្រាក់ចំណេញមូលធន ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
លោកបន្ថែមថា “ដោយសារពន្ធទាំងអស់ខាងលើ មិនបានបង់ឱ្យរដ្ឋ រដ្ឋចាប់ផ្ដើមធ្វើការវាយតម្លៃ ដោយធ្វើការទូទាត់ពន្ធជាកញ្ចប់ដាក់ឱ្យក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុនពុះដីឡូតិ៍លក់ បានលុយ៣០លាន ត្រូវបង់ពន្ធ៤០លាន”។លោកលើកឡើងទៀតថា បុរីមួយចំនួនបានយកលុយទៅធ្វើសប្បុរសធម៌ ដោយយកប្រាក់ចំណេញ៦ ទៅ៧លានដុល្លារ ទៅជួយក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយសង្ឃឹមថាគេមិនយកពន្ធុ តែលុយដែលជួយគេនេះត្រូវបង់ពន្ធសិន ទើបអាចយកទៅជួយគេកើត បើជួយគេហើយជាប់ពន្ធទៀត ដែលគេហៅថាពន្ធមិនអាចកាត់កងបាន។ បញ្ហាគឺបណ្តាលមកពីក្រុមហ៊ុន មិនយល់ពីច្បាប់ពន្ធបានច្បាស់លាស់។
អ្នកជំនាញរូបនេះបានឱ្យដឹងទៀតថា រដ្ឋាភិបាលបានសម្របសម្រួលជាច្រើន ដូចជា ការពន្យារពេលអនុវត្តច្បាប់ពន្ធ ការបង់ពន្ធនានា ការលើកលែងពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាក្រោម៧ម៉ឺនដុល្លារអាមេរិក។
ទោះបីជាយ៉ាងនេះក្តី លោកបណ្ឌិតបានអះអាងថា លោកបានទិញខ្លួនឯងមិនបានរួចទេ។ ពន្ធនេះរួចតែរដ្ឋថា ពន្ធដារនៅតែយកដដែល ដូច្នេះលោកនៅតែត្រូវបង់ពន្ធ ប្រថាប់ត្រា៤%ដដែល ដោយសារគោលនយោបាយ បង្កើនប្រាក់ចំណូលពន្ធឱ្យលើសផែនការរបស់អគ្គនាយកដ្ឋានពន្ធដារ ទើបប្រឹងប្រមូលពន្ធ ភ្លេចយកច្បាប់នេះមកអនុវត្ត ដែលធ្វើឱ្យរដ្ឋប្រមូលពន្ធបានលើស។
បន្ថែមពីនេះ លោកបណ្ឌិតគី សេរីវឌ្ឍន៍ លើកឡើងទៀតថា ពលរដ្ឋជាច្រើនបានទិញដីឡូត៍ ឬផ្ទះភាគច្រើនគឺជាការវិនិយោគ គឺទិញដើម្បីលក់មិនមែនដើម្បីប្រើប្រាស់ ឬរស់នៅឡើយ។
លោកគូសបញ្ជាក់ថា ការបង់ពន្ធ ដែលអ្នកអភិវឌ្ឍមិនទាន់យល់ច្បាស់អំពីការបង់ពន្ធ ស្ថិតក្នុងចំណោមបញ្ហាប្រឈមធំៗចំនួន៦ ក្នុង វិស័យអចលនទ្រព្យនៅកម្ពុជា ដូចជាបញ្ហាក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ការផ្គត់ផ្គង់លើសតម្រូវការ តម្លៃអចលនទ្រព្យហក់ឡើងខ្លាំងជ្រុល ការប្រែក្លាយដីឡូតិ៍ និងវិបត្តិលំហូរសាច់ប្រាក់ពីបរទេស៕