កម្ពុជា- ឥណ្ឌា ជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ភាគីកម្ពុជា និងភាគីឥណ្ឌាបានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍ បែបជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញ ឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ការឯកភាពនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានីឧត្តម ខូប្រាគតិ (Devyani Khobragade) ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ក្នុងសប្ដាហ៍នេះ។

ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។សេចក្ដីប្រកាសព័ត៌មានបានបន្តថា  លោករដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើម ឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងបានឯកភាពគ្នា ក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ-ញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។

លើសពីនេះ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកស្រីឯកអគ្គ​រដ្ឋទូតបានប្តេជ្ញាចិត្តរួមគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នា ក្នុងការជំរុញវិនិយោគរបស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា។បច្ចុប្បន្ន កម្ពុជា-ឥណ្ឌាក៏បានគម្រោងអភិវឌ្ឍន៍ទេសចរណ៍រួមគ្នាមួយចំនួន ដូចជា គម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន៣ រួមមាន ទី១-ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍ ទី២-ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍ នៅក្នុងសហគមន៍អេកូទេស​ចរណ៍ផាត់សណ្តាយ នៅខេត្តកំពង់ធំ និងទី៣-ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ “បឹងស្នេហ៍” នៅខេត្តព្រៃវែងផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here