ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការបង្ហោះតាមបណ្ដាញសង្គមព្រោងព្រាត ជុំវិញទិដ្ឋភាពភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរបរទេស។ ប៉ុន្តែក៏មានអ្នកខ្លះ បានយករូបភាពភ្ញៀវទេសចរ ដែលទៅចូលរួមថត និងទស្សនាព្រឹត្តិការណ៍សមរាត្រី (ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ) មកផុសហើយថាសៀមរាបមិនស្ងាត់ភ្ញៀវទេ។យ៉ាងណាក្ដីអ្នកជំនាញទេសចរណ៍កម្ពុជា បានទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយនេះ សៀមរាបពិតជាស្ងាត់ភ្ញៀវមែន។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ខែនេះ ជារដូវកាលមានភ្ញៀវតិច ឬហៅថា Low Season ហើយមិនមែនតែខេត្តសៀមរាបទេ ដែលមានភ្ញៀវតិច គឺស្ទើរតែទូទាំងប្រទេសកម្ពុជាទៅហើយ ។
-->
ប៉ុន្តែបើក្រលេកទៅមើល ប្រទេសជិតខាងរបស់យើង ដែលស្ថិតនៅក្នុងរដូវភ្លៀងដែរ តែគេមានភ្ញៀវច្រើន លោកថា វាមានកត្តាជាច្រើន ដែលនាំឱ្យប្រទេសគេមានភ្ញៀវច្រើន ដូចជាការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរ ជាក់ស្ដែងចាប់តាំងពីថៃ បានប្រកាសលើកលែងទិដ្ឋាការ ដល់ប្រទេសជាង១០០មក ឃើញថាភ្ញៀវទេសចរទៅកម្សាន្តនៅប្រទេសថៃច្រើន ។
លោកបន្តថា កត្តាមួយផ្សេងទៀត ដែលនាំឱ្យភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃច្រើន ដោយសារថៃមានការទាក់ទាញខ្លាំង ក្នុងនោះថៃមានក្រុមហ៊ុនអាកាសចរ រហូតទៅដល់ជាង១០០ក្រុមហ៊ុនឯណោះ ហើយធនធានមនុស្ស និងធនធានទេសចរណ៍របស់គេក៏មានច្រើន សម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរបរទេស។ក្រៅពីនេះ កត្តារៀបចំសណ្ដាប់ធ្នាប់ ការធ្វើចរាចរណ៍របស់ពលរដ្ឋគេក៏មានរបៀបរៀបរាយត្រឹមត្រូវ ។ ទាំងអស់នេះហើយ ដែលកម្ពុជាគួរតែមើលហើយអនុវត្តន៍តាមគេ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ។
លោកតុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ក៏បានលើកឡើងផងដែរថា ស្ថានភាពទេសចរ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ជាដំណាក់កាលមួយងើបឡើងវិញ ហើយកំណើនភ្ញៀវទេសចរបរទេស មិនទាន់មានប្រក្រតីភាព ដូចមុនកូវីដ១៩នៅឡើយទេ ។ ប៉ុន្តែសម្រាប់ទេសចរជាតិ ងើបឡើងឆាប់រហ័សលឿនជាងទេសចរអន្តរជាតិ ។ លោកបន្តថា ពាក់ព័ន្ធនឹងទេសចរអន្តរជាតិងើបយឺតនេះ ដូចដែលបានដឹងហើយថា បច្ចុប្បន្ននេះ វិបត្តិសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសនៅបន្តចូលមកកម្ពុជាក្នុងចំនួនតិចតួច។
លោកបន្តថា ចំពោះស្ថានភាពទេសចរ នៅក្នុងប្រទេសជិតខាងរបស់យើង ដែលមានចំនួនច្រើនជាងយើងនោះ គឺដោយសារតែគេមានទឹកដីធំជាងយើង គេមានផលិតផលទេសចរណ៍ច្រើនជាងយើង សំបូរបែបជាងយើង ហើយផលិតផលទេសចរណ៍ខ្លះ ក៏កម្ពុជាមិនអាចធ្វើបានដូចគេដែរ ដោយសារតែទាក់ទងនឹងទំនៀម ទម្លាប់ប្រពៃណីរបស់យើង ដែលមិនអាចឱ្យយើងត្រូវធ្វើដូចគេបាន។
លោកបន្ថែមថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ ២០២៣នេះ ភ្ញៀវទេសចរបរទេស ទៅសម្រាកនិងកម្សាន្ត នៅក្នុងខេត្តសៀមរាប មានប្រមាណជិត៥០ម៉ឺននាក់ កើនឡើងជាង៣៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២កន្លងមក ។ ចំណែកការបង្ហោះរបស់បុគ្គលមួយចំនួន ដែលថាសៀមរាបស្ងាត់ភ្ញៀវនោះ គឺវាមិនពិតនោះទេ ព្រោះថាតាមរបាយការណ៍ របស់អាកាសយានដ្ឋានសៀមរាបបង្ហាញកថា ក្នុងមួយថ្ងៃមានជើងយន្តហោះ ហោះចូលទៅខេត្តសៀមរាបមានប្រមាណពី១០ទៅ១៥ជើង ដែលមានភ្ញៀវទេសចរបរទេសប្រមាណ១០០០ ទៅ១៥០០នាក់ទៅលេងខេត្តសៀមរាបដែរ។
លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងកាលពីពេលថ្មីៗនេះថា អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបទទួលបានជើងហោះហើរចំនួន៧លើកប៉ុណ្ណោះ ក្នុងមួយថ្ងៃ ជាអ្វីដែលផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងទេសចរណ៍។ អ្នកតាមដានក្នុងវិស័យនេះឯករាជ្យ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បញ្ហាវិបត្តិភ្ញៀវទេសចរណ៍បរទេស មិនមកទស្សនាកម្ពុជាមានកត្តាខាងក្រៅ និងកត្តាខាងក្នុង។
កត្តាខាងក្រៅរួមមាន ទី១ ការផ្សព្វផ្សាយអាក្រក់ ពីសារព័ត៌មានបរទេសចំពោះប្រទេសនេះ ទី២ ការផលិតរឿងរបស់ចិន និយាយពីឧក្រិដ្ឋកម្ម ការចាប់ជំរិតនៅកម្ពុជា ទី៣ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ទី៤ ការធ្លាក់ចុះ នៃវិបត្តិសេដ្ឋកិច្ចរបស់ចិនជាដើម។
ចំណែកកត្តាផ្ទៃក្នុងកម្ពុជាមាន ដូចជា ទី១ ការផ្សព្វផ្សាយមិនបានទូលំទូលាយពីសក្តានុពល ទេសចរណ៍កម្ពុជានៅក្រៅប្រទេស ទី២ មន្រ្តីអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រលានយន្តហោះ បានដាក់គំនាប ដោយទារប្រាក់ពីភ្ញៀវទេសចរណ៍យ៉ាងអាក្រក់ ទី៣ ការលក់ផលិតផលទេសចរណ៍កោភ្ញៀវ ដោយគ្មានការខ្មាស់អៀនពីម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍នានា នៅក្នុងក្រុងសៀមរាប ទី៤ កម្ពុជាគ្មានផលិតផលទេសចរណ៍អ្វី ដែលមានភាពទាក់ទាញក្រៅពីទស្សនាប្រាសាទអង្គរវត្ត៕
ជាមួយគ្នានោះ អ្នកឧកញ៉ា លឹម ហេង បានបង្ហោះសារនៅក្នុងបណ្តាញសង្គមទាក់ទងនឹងបញ្ហានេះយ៉ាងដូច្នេះថា«ចំពោះស្ថានភាពទេសចរ នៅក្នុងប្រទេសជិតខាងរបស់យើង ដែលមានចំនួនច្រើនជាងយើងនោះ គឺដោយសារតែគេមានទឹកដីធំជាងយើង គេមានផលិតផលទេសចរណ៍ច្រើនជាងយើង សំបូរបែបជាងយើង ហើយផលិតផលទេសចរណ៍ខ្លះ ក៏កម្ពុជាមិនអាចធ្វើបានដូចគេដែរ ដោយសារតែទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីរបស់យើង ដែលមិនអាចឱ្យយើងត្រូវធ្វើដូចគេបាន »