ដោយៈ គង់ សូរិយា
កំពតៈ ស្ថានភាពទីផ្សារដីធ្លីនៅតាមបណ្តារាជធានី ខេត្តនាពេលកំពុងមានសញ្ញាមិនច្បាស់លាស់ ទោះមានសកម្មភាពទិញលក់តិចតួចក្តី ប៉ុន្តែការទិញភាគច្រើនគឺក្រោមតម្លៃទីផ្សារ។
អគ្គនាយកក្រុមហ៊ុនHIPPO Project Sales លោកគឹម សង្រ្គាមដែលមានមូលដ្ឋាននៅក្នុងខេត្តកំពត បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ដីនៅតែបន្តមាន ប៉ុន្តែជាប្រភេទដីស្ថិតនៅជាប់មាត់ព្រែក ដីចំការ ដែលមានទំហំចាប់ពី១ទៅ៥ហិកតា នៅតែមានអ្នកទិញបណ្តើរៗ។លោកបន្តថា “អ្នកទិញភាគច្រើន មានគោលបំណងច្បាស់លាស់ និងជាដីដែលមានតម្លៃក្រោមទីផ្សារ ចន្លោះពី៣០ទៅ៥០ភាគរយ”។ លោកបន្តថា “អ្នកទិញមួយចំនួន ពួកគេទិញទុកសម្រាប់ធ្វើរមណីយដ្ឋានលំហែរកាយ ដោយសារខេត្តកំពត មានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ”។
លោកគឹម សង្រ្គាមបានបន្តថា ជាមួយគ្នានេះ ការបើកដំណើរការកំពង់ផែទេសចរណ៍ នៅក្នុងខេត្តកំពត ក៏ជាក្តីរំពឹងជម្រុញការរីកចម្រើនវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្ត ដែលនេះជាមូលហេតុមួយ ក្នុងចំណោមមូលេហតុធំៗមួយចំនួន ដែលទីផ្សារដីធ្លី នៅតែមានសកម្មភាពទិញ លក់ខ្លះៗ។ ជាមួយគ្នានេះ ភ្នាក់ងារអចលនវត្ថុឯករាជ្យប្រចាំកំពត កែប លោកហ៊ួរ ចិន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតហើយ សកម្មភាពទិញលក់ដីធ្លី គឺជាដីដែលមានទេសភាពស្អាត និងអាចមើលឃើញសមុទ្រឬជាប់ភ្នំ ដែលអាចសាងសង់resortបាន គឺនៅតែមានតម្រូវការ។
លោកបន្តថា “យ៉ាងណាអ្នកលក់ភាគច្រើន បានដាក់លក់ក្រោមតម្លៃទីផ្សារ ដោយសារពួកគាត់ជាប់គាំងលំហូរសាច់ប្រាក់ និងត្រូវការលុយប្រញាប់ជាដើម”៕