ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថានវិទ្យាសាស្ត្រ បរិស្ថាន សមុទ្រ និងកោះ ដែលស្ថិតក្រោមចំណុះ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MoNRE) បានឱ្យដឹងថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទិញថាមពលកកើតឡើងវិញរបស់វៀតណាម។
ទោះជាយ៉ាងណាក្តី ការប្រកួតប្រជែងនឹងមានភាពតឹងតែង ខណៈប្រទេសសិង្ហបុរី ដែលជាអតិថិជនដ៏មានសក្តានុពល របស់វៀតណាម បាននិងកំពុងស្ថិតក្នុងដំណើរការ វាយតម្លៃសំណើចំនួន២០ ពីអ្នកផ្គត់ផ្គង់ថ្មីៗ ដូចជា ក្រុមហ៊ុនមកពីប្រទេសកម្ពុជា អូស្ត្រាលី និងឥណ្ឌា។
លោកបណ្ឌិត Dư Văn Toán សាស្រ្តាចារ្យនៅវិទ្យាស្ថានខាងលើនេះ លើកឡើងថា សមត្ថភាពដំឡើងថាមពលសរុបរបស់វៀតណាមបានឈានដល់៧៨,៤GW នៅឆ្នាំ២០២១ ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេស ដែលមានប្រព័ន្ធថាមពលដ៏ធំបំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ប្រទេសនេះក៏បាននិងកំពុងវិនិយោគយ៉ាងច្រើនសំបើម លើថាមពលកកើតឡើងវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។
លោក Toán បានបន្ថែមថា “យើងទទួលបានការទាក់ទងពីក្រុមហ៊ុនដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី អំពីការទិញថាមពលកកើតឡើងវិញចំនួន៤GW ក្នុងមួយឆ្នាំ និង១០GW ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី”។






