ដោយៈ តែម សុខុម
បាងកក: ក្រុមហ៊ុនថៃ Gulf Energy Development Plc និងក្រុមហ៊ុនចិន China Datang Overseas Investment Co (CDTO) ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនថាមរដ្ឋមួយនៅប្រទេសចិន បានចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) ជាមួយអាជ្ញាធរអគ្គិសនីថៃ (Egat) ដើម្បីអភិវឌ្ឍគម្រោងវារីអគ្គិសនី Pak Beng។
ក្រុមហ៊ុន Gulf បានចេញសេចក្ដីថ្លែងការណ៍ ទៅកាន់ផ្សារមូលបត្រថៃ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅបង្ហាញថា ក្រុមហ៊ុន Pak Beng Power គឺជាការបណ្ដាក់ទុនរួមគ្នាមួយ ដែលក្នុងនោះក្រុមហ៊ុន Gulf កាន់កាប់ភាគហ៊ុន៤៩% ក្រុមហ៊ុន CDTO កាន់កាប់ភាគហ៊ុន៥១% ដើម្បីដំណើរការគម្រោងទំនប់វារីអគ្គសនី Pak Beng។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា។ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ បានចុះកិច្ចសន្យាទិញលក់ថាមពល ជាមួយអាជ្ញាធរអគ្គិសនីថៃ (Egat) សម្រាប់រយៈពេល២៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការពាណិជ្ជកម្ម ជាមួយនឹងតម្លៃអគ្គិសនីជាមធ្យម២,៧១បាត (៣០៩រៀល) ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)។
គម្រោងទំនប់វារីអគ្គិសនី Pak Beng មានទំហំវិនិយោគសរុប២,៧៨ពាន់លានដុល្លារអាមេរិក ហើយកំពុងស្នើប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុនានា ដោយកាលបរិច្ឆេទបិទត្រូវបានរំពឹងទុក នៅចុងឆ្នាំ២០២៤។ យោងតាមផែនការ ការសាងសង់នឹងប្រើពេលប្រមាណ៨ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការ ពាណិជ្ជកម្មនៅឆ្នាំ២០៣៣។
គម្រោងនេះស្ថិតនៅលើដងទន្លេមេគង្គ ក្នុងស្រុកប៉ាក់បេង (Bak Beng) ខេត្តឧត្តមសៃ (Oudomxay) ប្រទេសឡាវ ហើយមានសមត្ថភាពផលិតអគ្គិសនីបាន៩១២មេហ្គាវ៉ាត់ (MW)។ គម្រោងនេះត្រូវបានរំពឹងថានឹងផលិត ហើយលក់អគ្គិសនីទាំងអស់ ដែលខ្លួនផលិតបានឱ្យទៅអាជ្ញាធរអគ្គិសនីថៃ (Egat)៕ Bangkok Post៕