ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានលើកពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំង២។
លោកបានលើកឡើងបែបនេះ ក្នុងពេលប្រារពខួបលើកទី៧៥ សម្រាប់ទំនាក់ទំនងកាទូត នៃប្រទេសទាំងពីរ ក្រោមការរៀបចំរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីចុងសប្តាហ៍មុន។
លោក Park Jung-Wook បានថ្លែងក្នុងពិធីនេះថា កូរ៉េ និងកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងកិច្ចសហប្រតិបត្តិការ ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ ១៩៩៧ និងបានពូនជ្រំបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលជឿទុកចិត្ត និងឈ្នះឈ្នះ នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។លោកថ្លែងថា ក្នុងនាមជាមិត្តពិតរបស់កម្ពុជា កូរ៉េបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ផ្សេងៗ ដែលមានតម្លៃប្រមាណ ១០៤០ លានដុល្លារពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០២១។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍផ្នែកថែទាំសុខភាព ការអប់រំ កសិកម្ម តំបន់ជនបទ និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។
លោកទូតលើកឡើងថា ទិដ្ឋភាពដ៏មានតម្លៃមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការផ្តល់កម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីការពារជាតិកម្ពុជានៅប្រទេសកូរ៉េ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូត្រីកោណនៃប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ(UN PKO)កូរ៉េ នឹងផ្តល់វគ្គបណ្តុះបណ្តាលបរិក្ខារវិស្វកម្ម លើកដំបូងដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងខែវិច្ឆិកា ដោយសហការជាមួយអង្គការសហប្រជាជាតិ។ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីនេះថា កូរ៉េក៏ជាម្ចាស់ជំនួយដ៏សំខាន់មួយរបស់កម្ពុជា ដោយប្រទេសនេះ បានផ្ដល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈ ការអប់រំ ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម និងវិស្វកម្ម ជាដើម។ ជាពិសេស ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងទន្ទឹងរង់ចាំការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងជំរុញភាពរីកចម្រើនរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំង២ផងដែរ។
លោកស្រីថ្លែងថា “ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង កាន់តែមានភាពរឹងមាំ”។ លោកស្រីបន្តថា “ទំនាក់ទំនងរបស់យើង ក៏ត្រូវបានគាំទ្រដោយការទទួលយកនិស្សិត និងកម្មកររបស់កម្ពុជាជាបន្តបន្ទាប់ដោយសាធារណរដ្ឋកូរ៉េ ការបញ្ចូនអ្នកស្ម័គ្រចិត្តកូរ៉េទៅកាន់ខេត្តផ្សេងៗនៅទូទាំងកម្ពុជា”។លោកស្រី ចម និម្មល បន្ថែមថា ក្រៅពីក្របខ័ណ្ឌទ្វេភាគី ប្រទេសទាំង២បានគាំទ្រគ្នាទៅវិញ ទៅមកក្នុងវេទិកាអន្តរជាតិ និងសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងយន្តការអនុតំបន់អាស៊ាន និងមេគង្គ និងវេទិកាពហុភាគីផ្សេងទៀត៕