តើផ្ទះសង់ទំនេរចោលទាំងអស់ទូទាំងប្រទេសចិនអាចផ្តល់ឲ្យប្រជាជនរស់នៅរហូតដល់៣ពាន់លាននាក់?

0

ដោយៈ សុខុម

ប៉េកាំង: អតីតមន្ត្រីជាន់ខ្ពស់ចិន មួយរូបបានទម្លាយឱ្យដឹងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា អាផាតម៉ិនដែលសាងសង់ទំនេរចោលទាំងអស់ នៅពាសពេញប្រទេសចិន អាចដាក់ប្រជាជនចិន ទាំង១,៤ពាន់លាននាក់អស់ ហើយនៅសល់ផ្ទះថែមទៀត។

នេះគឺជាការរិះគន់ជាសាធារណៈដ៏កម្រ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ចំពោះទីផ្សារអចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងវិបត្តិធ្ងន់ធ្ងរ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់តែជាសសរស្តម្ភនៃសេដ្ឋកិច្ចចិន បានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group បានខកខានទូទាត់បំណុលបំណុលរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការរឹតបន្តឹងការខ្ចីបុលថ្មីៗនៅក្នុងវិស័យនេះ។បន្ទាប់ពីផ្ទុះវិបត្តិក្រុមហ៊ុន China Evergrande Group ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗផ្សេងទៀត ដូចជា ក្រុមហ៊ុន Country Garden Holdings ជាដើមបានបន្តខកខានទូទាត់បំណុល ជាបន្តបន្ទាប់រហូតមកទល់ពេលនេះ ដែលធ្វើឱ្យអ្នកទិញផ្ទះបាត់បង់ទំនុកចិត្ត។ទិន្នន័យចុងក្រោយបំផុត ពីការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិនបានបង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៣ ផ្ទៃសរុបនៃផ្ទះ ដែលមិនទាន់បានលក់ចេញ មានចំនួន៦៤៨លានម៉ែត្រការ៉េ។

យោងតាមការគណនារបស់ទីភ្នាក់ព័ត៌មាន Reuters ដោយផ្អែកលើទំហំផ្ទះ ជាមធ្យម៩០ម៉ែត្រការ៉េបង្ហាញថា តួលេខនោះគឺស្មើនឹង៧,២លានផ្ទះ។

ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា នោះមិនទាន់រាប់បញ្ចូលគម្រោងលំនៅឋានជាច្រើន ដែលត្រូវបានលក់ចេញ ប៉ុន្តែដែលមិនទាន់សាងសង់បញ្ចប់ជាស្ថាពរ ដោយសារបញ្ហាលំហូរសាច់ប្រាក់ ឬផ្ទះជាច្រើន ដែលគេទិញទុកលក់យកចំណេញ ក្នុងឆ្នាំ២០១៦ ដែលនៅទំនេរចោលផងនោះទេ។លោកតា ហឺ ខេង (He Keng) វ័យ៨១ឆ្នាំដែលជាអតីតអនុប្រធានការិយាល័យជាតិស្ថិតិចិន និយាយថា “តើមានផ្ទះទំនេរចោលមានចំនួនប៉ុន្មានពេលនេះ? អ្នកជំនាញម្នាក់ៗបានផ្ដល់តួលេខខុសៗគ្នា ដោយភាគច្រើនជឿថា ចំនួនផ្ទះទំនេរចោលនាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់សម្រាប់មនុស្ស៣ពាន់លាននាក់ស្នាក់នៅ”។

តាមរយៈវីដេអូខ្លីបមួយ ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការ China News Service បង្ហាញថា លោកតាខាងលើបាននិយាយនៅឯវេទិកាមួយ ក្នុងទីក្រុងតុងគ័ន (Dongguan) ប្រទេសចិន ភាគខាងត្បូងថា “ការប៉ាន់ស្មាននោះប្រហែលជាច្រើនបន្តិច ប៉ុន្តែប្រជាជន១,៤ពាន់លាននាក់ ប្រហែលដាក់មិនពេញនោះទេ”។ទោះជាយ៉ាងណា អតីតមន្រ្តីរូបនេះមិនបានបញ្ជាក់ពីទិន្នន័យលោកទទួលបានពីស្ថាប័នណា យកមកបញ្ជាក់ឡើយ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា “រាល់ការអត្ថាធិប្បាយគ្រប់ប្រភេទ ដែលព្យាករអំពីការដួលរលំ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តកើតមានឡើងគ្រប់ពេល ប៉ុន្តែអ្វីដែលបានដួលរលំនោះគឺវោហាសាស្ត្របែបនេះ មិនមែនសេដ្ឋកិច្ចរបស់ប្រទេសចិន នោះឡើយ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here