ដោយៈ គង់ សូរិយា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងត្រៀមខ្លួនចូលរួម និងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត នៅក្នុងក្របខ័ណ្ឌជាតិ អន្តរជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសកម្ម ដោយនៅខែតុលាខាងមុខនេះ នឹងចូលរួមកិច្ចប្រជុំកំពូលស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលនឹងដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម ដើម្បីអមដំណើរសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
អ្នកឧកញ៉ាបន្តថា លើសពីនេះ សភាពាណិជ្ជកម្មនឹងរៀបចំពិព័ណ៌ពាណិជ្ជកម្ម ជាលើកដំបូងនៅទីក្រុងឡូងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលយើងសហការរៀបចំឡើង ជាមួយអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
អ្នកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំជំនួបពាណិជ្ជកម្មធំមួយ រវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនខ្មែរ ដែលចូលរួមពិព័ណនេះ នៅថ្ងៃទី១០ វិច្ឆិកាផងដែរ”។ អ្នកឧកញ៉ាបានបន្តទៀតថា “បើសិនជារៀបចំទាន់ យើងនឹងរៀបចំការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងឡុង ប៊ិចផងដែរ”។
ទន្ទឹមនឹងនោះ យើងក៏គ្រោងបង្កើតការិយាល័យ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាផងដែរ៕