ដោយ: គង់ លាងហួរ
រីយ៉ាដ: គម្រោងបដិសណ្ឋារកិច្ច និងលំនៅដ្ឋាន ដែលមានតម្លៃ១,៩ទ្រីលានដុល្លារ កំពុងជំរុញការផ្លាស់ប្តូរក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយមុនសន្និសីទឧស្សាហកម្មដ៏ធំមួយ។
ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប គឺជាប្រទេសនាំមុខគេ សម្រាប់ការផ្លាស់ប្តូរនេះ ដោយប្រទេសទាំង៣តំណាងឱ្យ៩០ភាគរយ ឬស្មើនឹង១,៧ទ្រីលានដុល្លារ នៃការវិនិយោគសរុបក្នុងតំបន់។ នេះបើយោងតាមការស្រាវជ្រាវ ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។
របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីតបាននាំមុខតារាងវិនិយោគក្នុងតំបន់ តាមរយៈគម្រោងដែលមានទុនវិនិយោគ១,២ពាន់ពាន់លានដុល្លារ។ ចំណែក ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានបោះទុន៣០០ពាន់លានដុល្លារ ខណៈប្រទេសអេហ្ស៊ីបបានបោះទុនវិនិយោគ២០០ពាន់លានដុល្លារ។
ការបណ្តាក់ទុនទាំងនេះ គូសបញ្ជាក់ឱ្យឃើញពីគោលដៅរបស់ពិភពលោកអារ៉ាប់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ចំនួន១៦០លាននាក់ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០ខាងមុខ។
លោកTurab Saleem ដៃគូ និងជាប្រធានផ្នែកបដិសណ្ឋារកិច្ច ទេសចរណ៍ និងការកម្សាន្តសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្រុមហ៊ុន Knight Frank លើកឡើងថា “វិស័យទេសចរណ៍ និងការធ្វើដំណើរនៅតំបន់មជ្ឈិមបូព៌ា បានស្គាល់នូវអត្រាកំណើនយ៉ាងខ្លាំង ព្រមទាំងរួមចំណែកយ៉ាងធំធេង ដល់ផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ២០២៣នេះ”។
លោកបានបន្ថែមថា “កំណើននេះកំពុងត្រូវបានជំរុញ ដោយការកើនឡើង១៤,៥ភាគរយនៃចំនួនការងារ ដែលបង្កើតឡើងក្នុងវិស័យទេសចរណ៍ ខណៈការរួមចំណែករបស់វិស័យនេះ ដល់ផលិតផលក្នុងស្រុកសរុប បានកើនឡើងជាង១០៧ពាន់លានដុល្លារ”៕