នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាម៉េរិក ដូចខាងក្រោម៖
១– កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន ២ – អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។
២– កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត – អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ។ កម្មវិធីនេះនឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាម៉េរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លាន ដុល្លាអាម៉េរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។








