ដោយៈ គង់ សូរិយា
សៀមរាបៈ ប្រជាពលរដ្ឋបាន និងកំពុងរិះគន់អាជ្ញាធរអប្សរាយ៉ាងចាស់ដៃ បន្ទាប់ពីអ្នកនាំពាក្យស្ថាប័ននេះ បានធ្វើការបកស្រាយទាក់ទងនឹងការថតរូបនៅរមណីយដ្ឋានអង្គរ។
អគ្គនាយករងអាជ្ញាធរអប្សរា និងជាអ្នកនាំពាក្យស្ថាប័ននេះ លោកឡុង កុសលកាលពីសប្តាហ៍មុន បានធ្វើការបកស្រាយលើបញ្ហាជាច្រើន លើការអនុញ្ញាត្តឲ្យថតរូប និងលក្ខខ័ណ្ឌមិនឲ្យថតរូបនៅរមណីយដ្ឋានអង្គរ។
លោកបន្តថា អាជ្ញាធរជាតិអប្សរា អត់មានដាក់កំហិត អំពីការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទេ ខណៈមានបងប្អូនប្រជាពលរដ្ឋយើងច្រើន ព្រមទាំងបណ្ដាញផ្សព្វផ្សាយជាតិ និងបណ្ដាស្ថានីយទូរទស្សន៍ជាច្រើន នៅទូទាំងពិភពលោក បានទាក់ទងផ្សព្វផ្សាយជាបន្តបន្ទាប់។
លោកឡុង កុសល មានប្រសាសន៍បញ្ជាក់ថា “រាល់ការថតរូបជាអនុស្សាវរីយ៍ សម្រាប់គ្រួសារ សម្រាប់បង្ហោះតាមFacebook, TikTok ដែលនិយាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរយើង [អាជ្ញារជាតិអប្សរា] អត់មានអ្វីជាបញ្ហាទេ យើងមិនដែលតម្រូវឱ្យគាត់ធ្វើការស្នើសុំទេ”។អគ្គនាយរងអាជ្ញាធរជាតិអប្សរា ខាងលើមានប្រសាសន៍បន្តថា អាជ្ញាធរជាតិអប្សរា តម្រូវឱ្យការស្នើសុំជាមុន សម្រាប់អ្នកថតផ្សាយតាមYoutube ផលិតភាពយន្ត ឬអ្នកយកផលិតផលទៅផ្សាយពាណិជ្ជកម្ម ដោយប្រើរូបភាពរបស់អង្គរ ឬផ្នែកណាមួយរបស់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរចាំបាច់ត្រូវឃាត់ និងឱ្យស្នើសុំជាមុន។
លោកឡុង កុសល មានប្រសាសន៍បន្ថែមថា ព្រោះរូបភាពទាំងអស់នោះ ដែលគាត់រកពាណិជ្ជកម្ម ឬរកប្រាក់ចំណូល គឺអាចប៉ះពាល់ទៅដល់ខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយថាតើសមរម្យ ឬអត់ក្នុងការយករូបភាពរបស់អង្គរ ទៅបម្រើពាណិជ្ជកម្មផលិតផលរបស់គាត់ នេះហើយជាចំណុចដែលយើងត្រូវគិតគូរ។ អ៊ីចឹងទើបយើងឱ្យគាត់ស្នើសុំមកយើងជាមុន ដើម្បីយើងជួយពិនិត្យលក្ខណៈ ទាំងបច្ចេកទេស រួមទាំងខ្លឹមសារ ថាតើខ្លឹមសារនោះត្រឹមត្រូវ ឬអត់ ល្អ ឬអត់ ពេលប្រើប្រាស់ (ផ្សាយ) ទៅ អាចចៀសផុតពីផលប៉ះពាល់ ទៅលើអត្ថន័យខ្លឹមសារជាអវិជ្ជមានណាមួយ មកដល់ទាំងប្រវត្តិសាស្ត្រ ទាំងរូបភាពជាក់ស្ដែងរបស់អង្គរ។
ទាក់ទងបញ្ហានេះ លោកធួន ស៊ីណានប្រធានសមាគមទេសចរ ណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ការបកស្រាយរបស់លោក ឡុង កុសលមានភាពសមស្របហើយ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅរមណីយដ្ឋានអង្គរ មិនបានធ្វើដូច្នេះទេ ដោយមន្រ្តីអាជ្ញាធរតែងតែហាមឃាត់ នៅពេលមានការប្រើប្រាស់កាមេរ៉ា ដែលមានជើងបន្តិចបន្តួច។ លោកបន្តថា “បញ្ហានេះ គួរតែមានការកែតម្រួវឡើងវិញ ហើយអាជ្ញាធរអប្សរាគួរបើកទូលាយចំពោះបញ្ហានេះ”៕