ដោយ: គង់ លាងហួរ
ភ្នំពេញ: សារពត៌មាន7 News របស់ប្រទេសថៃបានចុះផ្សាយថា កម្ពុជា គួរតែធ្វើការកែសម្រួលចំណុចធំៗចំនួន១២ ប្រសិនបើកម្ពុជាចង់ទទួលបានភ្ញៀវទេសចរច្រើនដូចប្រទេសគេដែរ។
ខាងក្រោមនេះគឺជាចំណុចទាំង១២ ដែលសារពត៌មានថៃបានលើកឡើង ហើយអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា គួរតែដោះស្រាយ និងកែសម្រួល។
ទី១: កម្ពុជាទទួលបានថ្លៃទិដ្ឋាការ ពីភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច ហើយភ្ញៀវទេសចរមួយចំនួនសួរថា ហេតុអ្វីកម្ពុជា ទទួលបានប្រាក់ពីពួកគេបែបនេះទៅវិញ ព្រោះទង្វើបែបនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំនួនភ្ញៀវទេសចរ។ ប៉ុន្តែកម្ពុជាគួរមើលគំរូប្រទេសថៃវិញ ព្រោះមានភ្ញៀវទេសចរទៅទស្សនា ប្រទេសថៃជាង៣៨លាននាក់ជារៀងរាល់ឆ្នាំ ពីព្រោះថៃមិនយកប្រាក់ថ្លៃទិដ្ឋាការពីភ្ញៀវទេសចរនោះឡើយ។ទី២: ប៉ូលីសអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន និងព្រំដែនគួរតែពិនិត្យឯកសារ ឱ្យបានឆាប់រហ័ស សម្រាប់ភ្ញៀវទេសចរមកកំសាន្តនៅកម្ពុជា ហើយមិនគួរធ្វើឱ្យពួកគេធុញថប់ និងខាតពេលវេលាក្នុងការរង់ចាំយូរនោះឡើយ។ទី៣: កម្ពុជាចូលចិត្តបង្ខំឱ្យភ្ញៀវទេសចរ ទិញសំបុត្រយន្តហោះពីក្រុមហ៊ុនរបស់ខ្លួន ទើបអាចធ្វើដំណើរទៅកាន់កន្លែងនានាបាន ដូចជា ខេត្តសៀមរាប និងកន្លែងផ្សេងៗទៀត គឺភ្ញៀវទេសចរត្រូវទិញសំបុត្រយន្តហោះពីក្រុមហ៊ុន ដែលកម្ពុជាកំណត់ប៉ុណ្ណោះ។ ហេតុនេះ ទើបធ្វើឱ្យភ្ញៀវមិនសប្បាយចិត្តពេលមកលេងកម្ពុជា។
ទី៤: ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខ្លះចំណាយប្រាក់ពិសេសពេលមកដល់ខេត្តសៀមរាប ឬកន្លែងមួយចំនួន។ លើសពីនេះ រថយន្តតាកស៊ីខ្លះ បានយកប្រៀបទៅភ្ញៀវទេសចរ ដោយបង្ខំឱ្យភ្ញៀវស្នាក់នៅសណ្ឋាគារដែលស្គាល់គ្នា ប៉ុន្តែភ្ញៀវបដិសេធ ព្រោះពួកគេ បានកក់បន្ទប់សណ្ឋាគារផ្សេងរួចទៅហើយ មុននឹងមកដល់កម្ពុជា។
ទី៥: យកវត្ថុអនុស្សាវរីយ៍ក្លែងក្លាយ មកលក់ឱ្យភ្ញៀវទេសចរនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ហើយពួកគេបានលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយបែបនេះ មកទល់នឹងពេលបច្ចុប្បន្ន ហើយបើមានអតិថិជនប្តឹងតវ៉ា ពួកគេក៏ប្តូរឈ្មោះដើម្បីអាចលក់បន្តទៀត និងមិនត្រូវបានផ្តន្ទាទោសតាមច្បាប់នោះទេ។
ទី៦: នៅតំបន់Pub Street បានយកប្រៀបលើភ្ញៀវទេសចរ ដោយបង្ខំឱ្យភ្ញៀវទេសចរលេងបៀរ ឬលេងល្បែងផ្សេងៗទៀត ខណៈប៉ូលីសមិនចាប់អារម្មណ៍នោះទេ។ លើសពីនេះ នៅពេលភ្ញៀវភ្លេច របស់របរនៅលើរ៉ឺម៉កកង់៣ គឺមិនត្រូវបានម្ចាស់រ៉ឺម៉កប្រគល់មកឱ្យភ្ញៀវវិញនោះទេ។
ទី៧: មគ្គុទេសក៍ទេសចរ និងអ្នកបើកបររថយន្តចូលចិត្តបង្ខំឱ្យភ្ញៀវទេសចរ ទៅទិញវត្ថុអនុស្សាវរីយ៍ពីហាង ដែលពួកគេណែនាំ។ វាជារឿងគួរឱ្យព្រួយបារម្ភ ព្រោះខាងអ្នកលក់អាហារបានបង្ខំឱ្យភ្ញៀវចូលហូបនៅហាងពួកគេ ហើយពលរដ្ឋខ្មែរខ្លះទៀតព្យាយាមអូសទាញអតិថិជនឱ្យចូលហាងរបស់ខ្លួន និងបង្ខំឱ្យអតិថិជនទិញសម្ភារៈហាងរបស់ខ្លួនជាដើម។
ទី៨: កម្ពុជាមិនបានផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួននៅតាមប្រព័ន្ធផ្សាព្វផ្សាយធំៗ នៅលើពិភពលោក ដូចជាទូរទស្សន៍CNN និងBBCជាដើម ហើយមានតែក្រុមហ៊ុនខ្មែរប៉ុណ្ណោះដែលផ្សព្វផ្សាយពីទេសចរណ៍ ប៉ុន្តែគ្មានការផ្សព្វផ្សាយ ទៅកាន់ប្រទេសគោលដៅ ដើម្បីឱ្យគេស្គាល់ពីទីតាំងទេសចរណ៍នានា នៅកម្ពុជានោះឡើយ។
ទី៩: ស្ថានទូតកម្ពុជានៅក្រៅប្រទេស មិនបានផ្សព្វផ្សាយ ពីគោលការណ៍វិស័យទេសចរណ៍នៅកម្ពុជា និងនៅក្រៅប្រទេសនោះទេ ហើយនេះជាមូលហេតុ ដែលធ្វើឱ្យភ្ញៀវមិនសូវស្គាល់ពីតំបន់ទេសចរណ៍នៅកម្ពុជា។ ភ្ញៀវទេសចរខ្លះបានប្រាប់ថា ពួកគេបានសាកសួរពីកន្លែងស្នាក់នៅ ប៉ុន្តែស្ថានទូតកម្ពុជានឹងឆ្លើយតបយ៉ាងយឺតយ៉ាវជារៀងរាល់ខែ។
ទី១០: កម្ពុជាគួរតែចាត់វិធានការ ទៅលើអ្នកសុំទាននៅតាមតំបន់ទេសចរណ៍នានា ដែលចូលចិត្តមកអង្គុយសុំលុយ ព្រោះវានឹងបង្កើតជាការចងចាំ ដ៏អាក្រក់មួយសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្ពុជា។ទី១១: ការបើកតំបន់ទេសចរណ៍ ក្នុងរយៈពេលខ្លីបានធ្វើឱ្យភ្ញៀវទេសចរមិនពេញចិត្ត ហើយកម្ពុជាគួរតែបើកតំបន់ទេសចរណ៍នានាក្នុងរយៈពេលយូរ ដូចជា នៅប្រាសាទអង្គរវត្តជាដើម ព្រោះវាអាចទាក់ទាញភ្ញៀវទេសចរ។ទី១២: ការផ្សព្វផ្សាយនៅតាមបណ្តាញអនឡាញ ហើយគួរតែមានជនបរទេសមកថត នៅតំបន់ទេសចរណ៍របស់កម្ពុជា ឬបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗ នៅក្នុងបណ្តាញសង្គមYoutube Facebook និងTiktok ដើម្បីផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ផ្សេងៗនិងបែងចែកបទពិសោធន៍ល្អៗ នៅក្នុងជីវិតរបស់ភ្ញៀវទេសចរដែលបានមកលេងកម្ពុជា។
សារពត៌មានថៃ 7 News បានចុះផ្សាយថា ចំណុចទាំង១២ខាងលើនេះ គឺជាមូលហេតុដែលធ្វើឱ្យកម្ពុជាអន់ចិត្តថា ហេតុអ្វីបានជាភ្ញៀវទេសចរនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ។ចំណែក សារពត៌មានកម្ពុជាបានវិភាគបន្ថែមថា ភ្ញៀវទេសចរចូលចិត្តទៅលេងប្រទេសថៃ និងវៀតណាមច្រើនជាង ខណៈដែលភ្ញៀវទេសចរបានទៅលេងវៀតណាម ហើយប្រាប់ថាពួកគេចូលចិត្តទីនោះ។ភ្ញៀវទេសចរកាន់តែចូលចិត្តប្រទេសថៃ ព្រោះពួកគេចង់ទៅរស់នៅថៃ នៅពេលចូលនិវត្តន៍។លើសពីនេះ គេអាចសង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើនអាចមកទស្សនាប្រាសាទអង្គរវត្ត ប៉ុន្តែពួកគេបានត្រឡប់ទៅស្នាក់នៅប្រទេសវៀតណាម និងប្រទេសថៃវិញ៕