សិង្ហបុរី ក្លាយជាអ្នកវិនិយោគអចលនទ្រព្យធំបំផុតប្រចាំប្រទេសជប៉ុនក្នុងឆ្នាំ២០២៣

0

ដោយៈ តែម សុខុម

តូក្យូ: យោងតាមទីភ្នាក់ងារអចលនទ្រព្យ Knight Frankបានឱ្យដឹងថា សិង្ហបុរី បានក្លាយជាអ្នកវិនិយោគដ៏ធំបំផុត ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣ ដោយសារកត្តាប្រាក់យ៉េន ធ្លាក់ថ្លៃ និងកំណើនតម្រូវការក្នុងឧស្សាហកម្មភ័ស្តុភារកម្ម និងបដិសណ្ឋារកិច្ច។

របាយការណ៍មួយ ដែលបានចុះផ្សាយក្នុងខែនេះបង្ហាញថា រំហូរទុនវិនិយោគពីប្រទេសសិង្ហបុរី ចូលក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣ នេះមានចំនួនសរុបជិត៣ពាន់លានដុល្លារ ពោលគឺច្រើនជាងគេបំផុត បន្ទាប់មកអ្នកវិនិយោគ មកពីសហរដ្ឋអាមេរិក កាណាដា និងអារ៉ាប់រួមអេមីរ៉ាត។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា។

លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Knight Frank បានលើកឡើងតាមរយៈរបាយការណ៍ខាងលើថា មូលនិធិ GIC របស់សិង្ហបុរី បានទិញយកឃ្លាំងចំនួន៦នៅក្នុងប្រទេសជប៉ុន ពីក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអាមេរិក Blackstone ក្នុងតម្លៃ៨០០លានដុល្លារ ដែលបានរួមចំណែកយ៉ាងធំធ្វើឱ្យសិង្ហបុរី ក្លាយជាអ្នកវិនិយោគអចលនទ្រព្យធំបំផុត ប្រចាំប្រទេសជប៉ុន។កាលពីពេលថ្មីៗនេះ ប្រធានផ្នែកវិនិយោគនៃមូលនិធិ GIC លោក Jeffrey Jaensubhakij បានចាត់ទុកប្រទេសជប៉ុនថា ជាទីផ្សារ “ធូរថ្លៃ” ដែលមានឱកាសចំណេញច្រើន និងប្រកបដោយនិរន្តភាព។

ប្រទេសជប៉ុន ក៏ទាក់ទាញបានបណ្ដាវិនិយោគិនអន្តរជាតិយ៉ាងច្រើនផងដែរ ដោយសារថ្លៃដើមកម្ចីទាប ហើយវិនិយោគិនទាំងនោះបានបោះទុនបន្ថែមទៀតលើសណ្ឋាគារ ដោយសារតែការរីកចម្រើន នៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

យោងតាមសន្ទស្សន៍អចលនទ្រព្យ MSCI Real Assets បង្ហាញថា វិនិយោគិនបរទេសរួមទាំងក្រុមហ៊ុន Goldman Sachs Group ក្រុមហ៊ុន KKR & Co និងក្រុមហ៊ុន Blackstone បានចំណាយប្រាក់សរុបចំនួន២ពាន់លានដុល្លារ លើកិច្ចព្រមព្រៀងសណ្ឋាគារមួយចំនួននៅក្នុងប្រទេសជប៉ុន រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៣។ ការវិនិយោគលើអគារពាណិជ្ជកម្មទាំងនេះ នៅក្នុងប្រទេសជប៉ុន គឺច្រើនបំផុតនៅអាស៊ី បើធៀបនឹងវិស័យផ្សេងទៀត៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here