ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើការសិក្សាលទ្ធភាព សាងសង់រថភ្លើងលើអាកាស និងប្រព័ន្ធរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ដើ ម្បីកែលម្អការដឹកជញ្ជូនសាធារណៈ សម្រាប់បម្រើដល់កំណើនប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងជំនួបមួយដែលបានរៀបចំធ្វើឡើង ជាមួយនឹងការចូលរួមពីសំណាក់ពលរដ្ឋខ្មែរចំនួន២.៥០០នាក់ ដែលរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
នេះបើយោងតាមសារពត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។សម្តេចជឿជាក់ថា លទ្ធភាពសាងសង់រថភ្លើងលើគោក គឺលែងអាចទៅរួច ហើយសម្តេចអះអាងថា “ការសិក្សាប្រព័ន្ធរថភ្លើងលើអាកាស និងរថភ្លើងក្រោមដីក្នុងទីក្រុង” គឺជាជម្រើសវិជ្ជមានជាង ខណៈដែលកម្ពុជា មានគោលបំណងបង្កើនការតភ្ជាប់។
សម្តេចលើកឡើងថា “យើងនឹងមានស្ពាន និងផ្លូវជាច្រើនខ្សែទៀត ហើយយើងកំពុងសិក្សា លើប្រព័ន្ធរថភ្លើងលើអាកាស និងរថភ្លើងក្រោមដីនៅក្នុងទីក្រុង ដោយសារជម្រើសរថភ្លើងលើដី លែងមានលទ្ធភាពក្នុងការសាង់សង់ទៀតហើយ ដោយសារវាពោរពេញទៅដោយផ្ទះ ខណៈចំនួនប្រជាជនកំពុងកើនឡើង”។


យោងតាមការសិក្សាមួយ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ការសាងសង់រថភ្លើងលើអាកាសនឹងត្រូវចំណាយថវិកាប្រមាណ១,៨ពាន់លានដុល្លារអាមេរិក៕




