ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ(GDT)បានបង្ហាញថា កាលពីពេលថ្មីៗនេះ សារធារណៈជនមួយចំនួន បានបង្ហោះសារនៅលើបណ្តាញសង្គមនានា ដោយមានការយល់ច្រឡំ ឬក្នុងចេតនាមួលបង្កាច់ និងចោទប្រកានខុសអំពីការយកពន្ធដារ។
ដើម្បីចៀសវាងការភាន់ច្រឡំ ដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្តកែទម្រង់រដ្ឋបាលសារពើពន្ធ GDT បានធ្វើការស្រាយបំភ្លឺដូចខាងក្រោម។
-->
GDTអះអាងថា ការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តន៍ ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានា បានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាស ដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏ បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធន ត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពី សារពន្ធឆ្នាំ១៩៩៧ ហើយ ការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៧។
ប៉ុន្តែដោយមើលឃើញពីផលប៉ះពាល់នានា បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែកដូចជា (ភតិសន្យា ទ្រព្យវិនិយោគកេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។
ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ ផ្នែកអចលនទ្រព្យ រដ្ឋាភិបាលបានសម្រេចពន្យាការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។
ឆ្លើយតបនឹងការលើកឡើងថា រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងគេកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ទន្ទឹមនឹងការប្រមូលចំណូលដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួល បរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋផងដែរ ដោយបានដាក់ចេញនូវវិធានការ លើកទឹកចិត្តជាច្រើន ជាបន្តបន្ទាប់និងស្ទើរគ្រប់វិស័យ។
បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀត តាមវិស័យសំខាន់ៗ ក្នុងនោះមានជាអាទិ៍៖ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) វិស័យមូលបត្រ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យអប់រំ វិស័យទេសចរណ៍ វិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀត។
ម្យ៉ាងវិញទៀត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលបានអនុម័ត លើយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលរួមបញ្ចូលវិធានការសម្រួលខាងសារពើពន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលអគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាក្នុងការជំរុញការអនុវត្ត។
ដើម្បីឆ្លើយតប នឹងការលើកឡើងអមដោយរូបភាព ឬព្រឹត្តិការណ៍ចាស់ៗ ដែលជាការភាន់ច្រឡំកើតឡើងយូរមកហើយ និងត្រូវបានបកស្រាយបំភ្លឺរួច ឬយកព័ត៌មានមិនត្រឹមត្រូវ មកបំភាន់បំផុសបំផុលសាធារណជន។
អគ្គនាយកដ្ឋានពន្ធដារក៏បានកត់សម្គាល់ឃើញថា មានការលើកឡើងមួយចំនួនបានប្រើប្រាស់រូបភាព ឬព្រឹត្តិការណ៍ចាស់ៗដែលធ្លាប់មានការភាន់ច្រឡំ និងបានបកស្រាយបំភ្លឺរួច ជាយូរមកហើយ ឬព័ត៌មានមិនត្រឹមត្រូវ មកប្រើប្រាស់ដើម្បីបំផុសបំផុលក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬអូសទាញអ្នកទស្សនា ដែលបង្កឱ្យមានការភាន់ច្រឡំ មកលើអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជា រាជរដ្ឋាភិបាល។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់សាធារណជនទូទៅ ឱ្យចៀសវាងនូវការផ្សព្វផ្សាយជា សាធារណៈនូវព័ត៌មានទាំងឡាយណា ដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ក្នុងចេតនាបំភាន់និងមួលបង្កាច់ រាជរដ្ឋាភិបាល ឬធ្វើឱ្យមានការភាន់ច្រឡំណាមួយដល់សាធារណជន។
ដើម្បីឆ្លើយតបនឹងការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ GDT ចេញមុខបញ្ជាក់ថា នេះជាការលើកឡើងមិនត្រឹមត្រូវនោះទេ ហើយដោយយោងទៅតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ១%លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។
ដើម្បីជាការឆ្លើយតបនឹងការលើកឡើងថា មានការប្រមូលពន្ធ ឬដំឡើងពន្ធ ព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ GDT បញ្ជាក់ថា ករណីនេះគឺជាការលើកឡើង ពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមាន ក៏ពុំមានចែង អំពីប្រភេទពន្ធ លើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះ អាចជាការលើកឡើងសំដៅ ដល់ការស្នើដំឡើងកម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជន ដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន។
ឆ្លើយតបនឹងការលើកឡើងអំពីការធ្លាក់ថ្លៃ នៃផលិតផលកសិ កម្មថា បណ្ដាលមកពីការយកពន្ធ ករណីនេះGDT អះអាងថា កន្លងមករដ្ឋាភិបាល តែងតែមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព។
តាមរយៈនេះរាជរដ្ឋាភិបាលបាន ដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តលើផ្នែកផ្សេងៗ និងជាពិសេសបានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យកសិកម្មទាំងស្រុង។ ដូច្នេះ ការលើកឡើងថា ការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្ដាលមកពីការយកពន្ធ ពុំឆ្លុះបញ្ចាំងពីការពិត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែង វិស័យកសិកម្មនោះឡើយ។
ជារួម តាមរយៈការបញ្ជាក់លម្អិតលើករណ៍នីមួយៗ អគ្គនាយកដ្ឋានពន្ធដារលើកឡើងថា ក្នុងចំណោមការលើកឡើងទាំងនោះ មួយចំនួនលើកឡើង ក្នុងន័យបង្កាច់បង្ខូច កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ពីសំណាក់ក្រុមប្រឆាំង មួយចំនួនផ្សព្វផ្សាយក្រោមចេតនាធ្វើឱ្យមានការភាន់ច្រឡំ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មួយចំនួនលើកឡើង ដោយការភាន់ច្រឡំហើយផ្សព្វផ្សាយបន្តគ្នា និងមួយចំនួនទៀតលើកឡើង ក្នុងគោលដៅទាក់ទាញអ្នកទស្សនា៕ 



