ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនKoh Kong Port Management បាននិងកំពុងដំណើរការដឹកជញ្ជូនទំនិញ ចេញពីកំពង់ផែទឹកជ្រៅ នៅតំបន់តារាសាគរ ទៅកាន់ក្រៅប្រទេស។
ដំណើរការនេះ បន្ទាប់ពីក្រុមហ៊ុនវិនិយោគកំពង់ផែនេះ ទទួលបានការអនុញ្ញាត្តពីក្រសួង និងស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាល។
កំពង់ផែនេះ ស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អភិបាលរងខេត្តកោះកុង លោកស្រីអ៊ី នារីនេតបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកដំណើរការសាកល្បង កំពង់ផែខាងលើកាលពីថ្ងៃទី២៦ កញ្ញាថា កំពង់ផែថ្មីនេះ នឹងជួយសម្រួលការដឹកជញ្ជូនទំនិញ ផលនេសាទ និងផលកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។កំពង់ផែនេះ នឹងទទួលស្វាគមន៍នាវាទេសចរណ៍ និងកប៉ាល់ដឹកទំនិញ ដែលមានទម្ងនើផ្ទុក៧០,០០០តោន ចាប់ពីថ្ងៃទី២៦ កញ្ញាកន្លងមកនេះ។
លោកស្រីអ៊ី នារីនេតបានបន្តថា នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងមានភាពរីកចម្រើនគ្រប់វិស័យ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។
លោកស្រីបន្តថា ក្រៅពីកំពង់ផែ ខេត្តកោះកុងក៏មានព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលសាងសង់លើផ្ទៃដីជាង២០០ហិកតា និងប្រវែងផ្លូវរត់៣២០០ម៉ែត្រ អាចឲ្យយន្តហោះខ្នាតធំចុះចតបាន នឹងធ្វើឲ្យខេត្តនេះទាក់ទាញភ្ញៀវទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕