ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងតំបន់ពាណិជ្ជកម្ម សេរីសាកល្បងកម្រិតខ្ពស់ជាងមុន (FTZs) ដោយជំរុញឱ្យ FTZs នាំមុខគេក្នុងការរកឃើញអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក។
លោកស៊ី ជីនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការណែនាំមួយនាពេលថ្មីៗនេះស្តីពី ការជំរុញការសាងសង់តំបន់ FTZs សាកល្បង។
លោកបានបញ្ជាក់បន្តថា “ការសាងសង់តំបន់ពាណិជ្ជកម្មសេរី FTZ គឺជាចំណាត់ការយុទ្ធសាស្ត្រដ៏សំខាន់ របស់គណៈកម្មាធិការកណ្តាល CPC ដើម្បីជំរុញកំណែទម្រង់ និងការបើកចំហនៅក្នុងយុគសម័យថ្មីនេះ”។លោក ស៊ី ជីនពីងបានអះអាងថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ តំបន់FTZs បានបម្រើជាមូលដ្ឋានសាកល្បង ដ៏ទូលំទូលាយសម្រាប់កំណែទម្រង់ និងការបើកចំហ ដោយដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធសំខាន់ៗ និងជាមូលដ្ឋានមួយចំនួនធំ និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។
លោកបានគូសបញ្ជាក់ពីយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវតំបន់ FTZs នៅលើដំណើរថ្មីរបស់ប្រទេសចិន ដោយផ្អែកលើបទពិសោធន៍មួយទសវត្សរ៍។លោកស៊ីលើកឡើងថា “តំបន់ទាំងនេះ គួរតែនាំមុខក្នុងការរកឃើញ ឬធ្វើអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក”។លោកបានបន្ថែមថា FTZs អាចដើរតួនាទីជាគំរូបន្ថែមទៀត តាមរយៈការប្តេជ្ញាចិត្ត ចំពោះការបើកចំហកម្រិតខ្ពស់ ដោយផ្តោតលើការបង្កើតថ្មី ការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ការអនុលោមតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការលើកកម្ពស់ការបើកចំហ និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល៕