ប្រទេសថៃរំពឹងទទួលបានភ្ញៀវទេសចរចិន៥លាននាក់នៅឆ្នាំនេះ ក្រោយរដ្ឋាភិបាលប្រកាសលើកលែងទិដ្ឋាការ

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ភ្ញៀវទេសចរចិនយ៉ាងតិចណាស់៥លាននាក់ នឹងទៅទស្សនាប្រទេសថៃនៅចុងឆ្នាំនេះ បន្ទាប់ពីគោលនយោបាយ លើកលែងទិដ្ឋា​ការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសចិន និងកាហ្សាក់ស្ថានបានចូលជាធរមានកាលពីថ្ងៃចន្ទដើមសប្តាហ៍។

ការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងកាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃវិធានការ Quick Win ដែលនឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកញ្ញា។

លោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន បានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន៣៤១នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃដំបូងនៃការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ។លោក ស្រេតថា បានមានប្រសាសន៍ថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស គឺជាគោលនយោបាយបន្ទាន់របស់រដ្ឋាភិបាល ដោយបន្ថែមថា វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ច និងបង្កើ​តការងារបន្ថែមទៀត”។

លោកបានបន្ថែមថា “យើងត្រូវតែលើកទឹកចិត្ត ភ្ញៀវទេសចរចិនឱ្យមកប្រទេសថៃ ហើយមកទស្សនាមិនត្រឹមតែទីក្រុងធំៗដូចជា ទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីក្រុងបន្ទាប់បន្សំផងដែរ ដើម្បីឱ្យពួកគេស្នាក់នៅក្នុងប្រទេសថៃ បានយូរ និងចំណាយកាន់តែច្រើន”។

លោកស្រី Thapanee Kiatphaibool អភិបាលអាជ្ញាធរ TAT ដែលបានអញ្ជើញ ទៅស្វាគមន៍ភ្ញៀវទេសចរចិនផងដែរនោះ បានលើកឡើងថា យើងរំពឹងថា វិធានការលើកលែងទិដ្ឋាការ នឹងជួយធានាថា ភ្ញៀវទេសចរចិនចំនួន៥លាននាក់ នឹងមកលេងប្រទេសថៃនៅឆ្នាំនេះ។

លោកស្រី Thapanee បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរចិនទាំងនេះត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់សរុបប្រហែល៣០០ពាន់លានបាត(៨,២៥ពាន់លានដុល្លារ) ក្នុងអំឡុងពេលដំណើរកំសាន្តរបស់ពួកគេនៅក្នុងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here