ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលទំហំលំហូរFDIធំៗ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញជនបរទេសបានចាប់ផ្តើមទិញខុនដូ នៅកម្ពុជាបណ្តើរៗឡើងវិញផងដែរ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់លំហូរទុនវិនិយោគពីក្រៅប្រទេស ប៉ុន្តែសកម្មភាពទិញខុនដូក្នុងយូនីតតូចៗ បានកើនឡើងវិញខ្លះៗ ដោយជនជាតិម៉ាឡេស៊ី កូរ៉េ សឹង្ហបុរីបានមកទិញបណ្តើរៗនៅរាជធានីភ្នំពេញ។
-->
អ្នកស្រីបន្តថា “សម្រាប់ការវិនិយោគដីធំៗ នៅតែស្ងប់ស្ងាត់ផងដែរ ហើយការលក់ភាគច្រើនគឺដាក់ក្រោមតម្លៃទីផ្សារ”។ អ្នកស្រីបន្តទៀតថា “ការលក់ផ្ទះ ការសាងសង់ឃ្លាំងសម្រាប់ជួល នៅតែមានសភាពស្ងប់ស្ងាត់ ខណៈម្ចាស់បុរីធំៗបានបង្អង់ល្បឿន លើផែនការអភិវឌ្ឍន៍របស់ពួកគេផងដែរ”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញ លក់ខុនដូ ពិតជាមានសភាពកំរើកឡើងវិញ ប៉ុន្តែមិនពុះកញ្រ្ជោលដូចបណ្តាឆ្នាំមុននោះទេ។ លោកបន្តថា ការជួលខុនដូ បានកើនឡើងនៅ ខេត្តព្រះសីហនុ ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
លោកបន្តថា“បើពិនិត្យជារួម អ្វីៗពិតជាមានសភាពប្រសើរឡើង ធៀបនឹងរយៈពេលមុនការបោះឆ្នោត និងការរៀបចំរដ្ឋាភិបាលថ្មី”៕