ដោយៈ តែម សុខុម
ក្រុងរីយ៉ាដៈ ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចេញប្លង់មេ សម្រាប់ការអភិវឌ្ឍគម្រោងគោលដៅទេសចរណ៍ប្រណីត ដ៏អស្ចារ្យនៅលើកំពូលភ្នំ Soudah។
គម្រោងគោលដៅទេសចរណ៍ប្រណីត ដែលមានឈ្មោះថា “Soudah Peaks” នេះនឹងត្រូវបង្កើតឡើង លើកំពូលភ្នំកម្ពស់៣.០១៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលជាកំពូលភ្នំខ្ពស់បំផុត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន Araba News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា។
គម្រោងនេះគឺជាផ្នែកមួយដ៏សំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រីកឧស្សាហកម្មសំខាន់ៗ ដូចជា ទេសចរណ៍ បដិសណ្ឋារកិច្ច និងការកម្សាន្តជាដើម។
ព្រះអង្គម្ចាស់ Mohammed bin Salman ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Soudah Development មានបន្ទូលថា គម្រោង Soudah Peaks តំណាងឱ្យយុគសម័យថ្មី នៃទេសចរណ៍តំបន់ភ្នំដ៏ប្រណីតដែលនឹង ផ្តល់នូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ទន្ទឹមនឹងការអភិរក្សបរិស្ថានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប។
ដោយស្របតាមយុទ្ធសាស្រ្តគោលដៅ ចក្ខុវិស័យឆ្នាំ២០៣០ នៃការពង្រីកវិស័យទេសចរណ៍ និងការកម្សាន្ត ការគាំទ្រកំណើនសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគ និងការរួមចំណែកដល់កំណើន គម្រោងនេះ នឹងបង្កើតឱកាសការងារទាំងផ្ទាល់ និងប្រយោលច្រើនពាន់កន្លែង។
គម្រោង Soudah Peaks មានគោលដៅបម្រើសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដល់ភ្ញៀវទេសចរជាង២លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣៣។ ប្លង់មេនេះកំពុងត្រូវបានឌីហ្សាញឡើង ដើម្បីរំលេចនូវរចនាបថបែបប្រពៃណី និងស្ថាបត្យកម្មក្នុងស្រុក ហើយនឹងលើកកម្ពស់ទាំងបេតិកភណ្ឌវប្បធម៌ និងទេសភាពក្នុងតំបន់។
គោលដៅទេសចរណ៍នេះ នឹងត្រូវបែងចែកជាតំបន់អភិវឌ្ឍន៍ពិសេសចំនួន៦ រួមមាន តំបន់អភិវឌ្ឍន៍ Tahlal Sahab តំបន់អភិវឌ្ឍន៍ Sabrah តំបន់អភិវឌ្ឍន៍ Jareen តំបន់អភិវឌ្ឍន៍ Rijal និងតំបន់អភិវឌ្ឍន៍ Red Rock។សំណង់ជាច្រើននឹងត្រូវបានសាងសង់ឡើង ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារលំដាប់ពិភពលោក រួមមានសណ្ឋាគារ រមណីយដ្ឋានភ្នំប្រណីត លំនៅឋាន ផ្ទះវីឡា ភូមិគ្រឹះ តំបន់កម្សាន្ត និងតំបន់ពាណិជ្ជកម្ម ព្រមទាំងកន្លែងទាក់ទាញសកម្មភាពខាងក្រៅដូចជាកីឡា ការផ្សងព្រេង សុខភាព និងវប្បធម៌ជាដើម។
ក្រុមហ៊ុន Soudah Development នឹងផ្តល់ជូននូវបន្ទប់ក្នុងវិស័យបដិសណ្ឋារកិច្ចចំនួន២.៧០០បន្ទប់ លំនៅឋានចំនួន១.៣៣៦ និងទីធ្លាពាណិជ្ជកម្ម ទំហំ៨០.០០០ម៉ែត្រការ៉េ សម្រាប់គម្រោង Soudah Peaks នៅឆ្នាំ២០៣៣៕ Arab News៕