ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជា ឡាវ និងវៀតណាម កំពុងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាមួយគ្នាខាងផ្នែកឌីជីថល ស្របពេលដែលតំបន់អាស៊ាន ខិតខំសម្រេចឱ្យបាននូវសមាហរណកម្មបន្ថែមទៀតនៃសេដ្ឋកិច្ចឌីជីថល។នេះបើយោងតាមសារពត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
ចំណាត់ការនេះបានធ្វើឡើង ស្របពេលដែលអ្នកជំនាញខាងឌីជីថលូបនីយកម្មជាង១០០នាក់ មកពីប្រទេសឡាវ វៀតណាម និងកម្ពុជា បានជួបពិភាក្សាគ្នាក្នុងអំឡុងសន្និសីទអន្តរជាតិ ស្តីពីឌីជីថលូបនីយកម្ម និងសន្និសីទវិនិយោគនៅឯទីក្រុងហូជីមិញ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ លោកបណ្ឌិត Sonethano Thammavong ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ (LASES) បានលើកឡើងថា “ការផ្លាស់ប្តូរឌីជីថលរបស់ឡាវ ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងការវិនិ យោគ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលមូលដ្ឋាន និងដំបូង”។
លោកបន្តថា “ ប្រទេសឡាវសង្ឃឹមថា ខ្លួននឹងអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ជាមួយអ្នកជំនាញមកពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីរៀនសូត្រពីបទពិសោធន៍របស់ពួកគេ”។
លោក Sonethano បានបន្ថែមថា “ទាំងប្រទេសវៀតណាម និងកម្ពុជា ផ្តល់ការបំផុសគំនិតដ៏អស្ចារ្យ ដល់ប្រទេសឡាវក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ខ្លួន”។ លោកបញ្ជាក់ថា “ប្រទេសទាំង៣ មានការត្រៀមខ្លួនរួចជាស្រេច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដែលតម្រង់ទិសផ្តោត លើការផ្លាស់ប្តូរឌីជីថលរបស់ពួកគេ”។
លោកបណ្ឌិតសុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយលោកសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាជាតិទាំង៣ និងប្លង់មេរបស់ប្រទេសវៀតណាម សម្រាប់ភាពជោគជ័យនៃឌីជីថលូបនីយកម្ម។
លោកបានមានប្រសាសន៍ថា “វៀតណាមបាននិងកំពុងរីកចម្រើនលឿនជាងកម្ពុជា និងឡាវ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ”។ លោកបន្តថា “ការងារជាក្រុមរបស់ប្រទេសទាំង៣ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍នៃវិស័យផ្សេងៗទៀត”។
លើសពីនេះ ក្រុមអ្នកជំនាញដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ក៏បានផ្តល់អនុសាសន៍ផងដែរថា ប្រទេសទាំង៣គួរតែបង្កើត និងកែលម្អបរិយាកាសស្ថាប័ន និងច្បាប់ ដើម្បីបំពេញតាមតម្រូវការនៃយុគសម័យសមាហរណកម្មអន្តរជាតិ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល៕