ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគិនហុងកុង បានបង្ហាញការចាប់អារម្មណ៍ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការវិនិយោគ និងកាលានុវត្តភាពវិនិយោគកម្ពុជា ទៅដល់វិនិយោគិនហុងកុង។
លោកផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក បានជួបពិភាក្សាការងារជាមួយលោកនុត អ៊ុនវ័ណរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះក៏មានការចូលរួម ពីសំណាក់សមាគមធុរកិច្ចហុងកុងប្រចាំកម្ពុជាផងដែរ។លោក ផាសុន ឡាម ប្រធានគណៈប្រតិភូ HKETO បានអបអរសាទរចំពោះភាពជោគជ័យ នៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខវិនិយោគិន ដែលមកបណ្តាក់ទុននៅកម្ពុជា ពិសេសវិនិយោគិនហុងកុង។
លោកក៏សន្យានឹងសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយចំនួន ដូចជា សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកម្ពុជា និងដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅទីក្រុងហុងកុង។លោកបានបន្តថា “HKETO នឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពី វិនិយោគថ្មីរបស់កម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគជូនវិនិយោគិនហុងកុង”។
ជាការឆ្លើយតបលោក នុត អ៊ុនវ័ណរាំ បានសម្តែងការស្វាគមន៍គណៈប្រតិភូHKETO ប្រចាំទីក្រុងបាងកក ដែលបានធ្វើដំណើរមកកម្ពុជាក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហប្រតិបត្តិការជាមួយ CDC។
លោកបន្តថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺជាឧបករណ៍គតិយុត្តថ្មីមួយ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ពិសេសច្បាប់នេះ បានផ្តល់នូវរបបលើកទឹកចិត្តឆ្លាតវៃ ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។
លោកថ្លែងថា រដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ជាពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងដឹកនាំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគីរាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីស្ដាប់ផ្ទាល់ និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនបាននិងកំពុងជួបប្រទះ។
លោកនុត អ៊ុនវ័ណរាំ រដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន១៨ ដែលមានដូចជា ឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលផ្តល់តម្លៃបន្ថែមខ្ពស់ ឧស្សាហកម្មក្នុងវិស័យ យានយន្ត និងអេឡិចត្រូនិក ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វិស័យថាមពលបៃតង និងវិស័យឡូជីស្ទិក ដើម្បីទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែម និងគុណភាពសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ជាង២៧០លានដុល្លារ ធ្លាក់ចុះ៦៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំចេញ១០៥,៧ លានដុល្លារ ធ្លាក់ចុះ ១៥,៦ភាគរយ និងហុងកុងនាំចូល១៦៤,៤៥លានដុល្លារ ធ្លាក់ចុះ ៧៤,៨ភាគរយ៕