ចិនគ្រោងបើកមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តEV នៅប្រទេសថៃ

0

ដោយៈ តែម សុខុម

បាងកក: មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (Catarc) គ្រោងបង្កើតការិយាល័យថ្នាក់តំបន់ នៅក្នុងប្រទេសថៃ ដែលនឹងទាក់ទាញការវិនិយោគរបស់ចិន យ៉ាងសម្បើមដើម្បីប្រែក្លា​យប្រទេសថៃ ទៅជាមជ្ឈមណ្ឌលរថយន្តអគ្គិសនី (EV)។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការចរចាដែលបង្ហាញពីសក្តានុពលរបស់ប្រទេសថៃ ហើយត្រូវបានរំពឹងថា នឹងនាំមកនូវការវិនិយោគបន្ថែមទៀតដើម្បីជំរុញគោលដៅ “30@30” ពោលគឺការបង្កើនការផលិតរថយន្តEV ឱ្យឈានដល់៣០% នៃផលិតកម្មសរុបនៅឆ្នាំ២០៣០។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា។

ការផលិតរថយន្ត EV ត្រូវបានព្យាករថា នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរយៈពេលវែង ខណៈកាត់បន្ថយការបំពុលបរិស្ថានក្នុងការដឹកជញ្ជូន និងជួយប្រទេសថៃ ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន (Carbon Neutrality)។

នៅក្នុងការប្រកាសអំពីការជ្រើសយកប្រទេសថៃ ធ្វើជាការិយា​ល័យថ្នាក់តំបន់ លោក Kriengsak Wongpromrat ប្រធានវិទ្យាស្ថានរថយន្ត (Automotive Institute) បានធ្វើការកត់សម្គាល់ថា ការិយាល័យនេះ នឹងជួយសម្រួលដល់ការសម្របសម្រួល ជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន ដែលកំពុងស្វះស្វែងបោះទុនវិនិយោគនៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។Catarc គឺជាមជ្ឈមណ្ឌលបច្ចេកទេស ក្នុងឧស្សាហកម្មរថយន្តដែលស្ថិតក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋាភិបាលចិន។

មជ្ឈមណ្ឌលនេះក៏ បម្រើជាអង្គភាពគាំទ្រផ្នែកបច្ចេកទេស សម្រា​ប់បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលជាតិផងដែរ។ការិយាល័យថ្នាក់តំបន់នេះ ត្រូវបានរំពឹងថានឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្ត EV និងវិនិយោគិនចិន មកប្រទេសថៃ កាន់តែច្រើនដែលធ្វើឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់រថយន្ត EV និងរថយន្តទំនើបៗនៅក្នុងតំបន់។

ប្រទេសចិន កំពុងផ្តោតលើរថយន្តប្រើប្រាស់ថាមពលថ្មី (NEV) ជាមួយនឹងគោលដៅ ពង្រីកផលិតកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍។ នេះអាចនាំឱ្យអាជីវកម្ម ផលិតរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) របស់ប្រទេសចិន បោះទុននិយោគយ៉ាងច្រើនសម្បើម នៅក្នុងប្រទេសថៃ ក្នុងពេលឆាប់ៗនេះ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here